(វ៉ាស៊ីនតោន)៖ ជំទាវទី ១ នៃសហរដ្ឋអាមេរិកលោកស្រី មេឡានៀ ត្រាំ (Melania Trump) បានប្រកាសឲ្យដឹងថា កូនប្រុសពៅអាយុ ១៤ឆ្នាំរបស់លោកស្រីឈ្មោះ បារ៉ុន ត្រាំ (Barron Trump) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រី Melania បានគូសបញ្ចាក់យ៉ាងដូច្នេះថា វាពិតជាសំណាងណាស់ដែលកូនប្រុសរបស់លោកស្រី ជាក្មេងជំទង់ និងមានសុខភាពល្អ ហើយមិនមានអការៈរោគអ្វីបង្ហាញចេញមកនៅឡើយ។ លោកស្រី Melania បានបន្ថែមទៀតថា ចំពោះអការៈជំងឺរបស់ស្រី គឺស្ថិតនៅក្នុងកម្រិតស្រាលប៉ុណ្ណោះ ហើយលោកស្រីសង្ឃឹមថា នឹងអាចបន្តភារកិច្ចរបស់លោកស្រីក្នុងនាមជាជំទាវទី ១ ក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានចំណាយពេល ០៣យប់នៅមន្ទីរពេទ្យយោធា បន្ទាប់ពីបានប្រកាសកាលពីដើមខែតុលាថា លោក និងភរិយាបានធ្វើតេស្តវិជ្ជមាន COVID-19។ ដើម្បីព្យាបាលលោក ត្រាំ ក្រុមគ្រូពេទ្យបានប្រើអង្គបដិប្រាណ (Antibody) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ រីជែនែរ៉ូន (Regeneron Pharmaceuticals) និង ជីលីដ (Gilead Sciences) រួមទាំងថ្នាំប្រឆាំងវីរុស ឌិចហ្សាមេថាសុន (Dexamethasone) ផងដែរ៕