(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្សី នៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ រុស្ស៊ីបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗចំនួន ១៤,២៣១ករណីបន្ថែម ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់មានពីមុនមក ខណៈករណីឆ្លងសរុប នៅទូទាំងប្រទេសបានកើនលើស ១.៣លានករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង ក៏មានករណីស្លាប់ថ្មីៗចំនួន ២៣៩នាក់ទៀតដែលត្រូវបានកត់ត្រាផងដែរ។ ប្រការនេះនាំឲ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសរុស្ស៊ីកើនដល់ ២៣,២០៥នាក់។ ចំណែកឯ តួលេខអ្នកជាសះស្បើយវិញ ក៏បានកើនដល់ ១,០៣៩,៧០៥នាក់ផងដែរ បន្ទាប់អ្នកជំងឺ ៧,៩២០នាក់ ទើបតែបានចេញពីមន្ទីរពេទ្យ នៅថ្ងៃជាមួយគ្នានេះ។

នៅចំពោះមុខ នៃការកើនឡើងនៃអត្រាអ្នកឆ្លងនិងស្លាប់ប្រចាំនេះ រដ្ឋាភិបាលរុស្ស៊ីបានសម្រេចណែនាំវិធានការរឹតត្បិតការធ្វើដំណើរថ្មី សម្រាប់មនុស្សវ័យចំណាស់ ខណៈក្រុមមនុស្សប្រភេទនេះ ជាជនដែលងាយនឹងរងគ្រោះខ្លាំងជាងគេបំផុត៕