(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ដែលទើបតែបានចូលកាន់តំណែងកាលពីថ្ងៃទី១៦ ខែកញ្ញាថ្មីៗនេះបានបញ្ជាក់ពី ទិសដៅនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកថា នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងឥណ្ឌូនេស៊ី។ នេះបើយោតាមការចេញផ្សាយដោយ សារព័ត៌មាន Vietnam Times នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថានឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែតុលានេះតែម្តង។

លោក Yoshihide Suga បានបង្ហាញគម្រោងដំណើរទស្សនកិច្ចខាងលើ នៅក្នុងកិច្ចប្រជុំប្រតិបត្តិមួយ របស់គណបក្សប្រជាធិបតេយ្យសេរី ដែលជាគណបក្សកំពុងកាន់អំណាច កាលពីថ្ងៃទី១៣ ខែតុលាម្សិលមិញនេះ។ នាយករដ្ឋមន្រ្តីជប៉ុន បានចាត់ទុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថាជាកត្តាគន្លឹះដើម្បីឆ្ពោះទៅរកការបើកចំហរ និងសេរីភាពសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។

ជុំវិញដំណើរទស្សនកិច្ចនេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បានលើកឡើងថា វានឹងដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចនូវចក្ខុវិស័យសេរីភាព និងបើកចំហសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ បានបន្ថែមថា សមត្ថភាពរបស់ជប៉ុនក្នុងការនិយាយដោយស្មោះត្រង់ ជាមួយភាគីវៀតណាមនិងឥណ្ឌូនេស៊ី លើកិច្ចការតំបន់និងអន្តរជាតិ ក៏ដូចជាបញ្ហាក្រោយវិបត្តិជំងឺរាតត្បាតគឺមានសារៈសំខាន់ ខណៈដែលប្រទេសវៀតណាមនៅឆ្នាំនេះ ធ្វើជាប្រធានអាស៊ាន ចំណែកឯប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដ៏ធំមួយនៅក្នុងតំបន់។

គួរជម្រាបថា គម្រោងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសមាជិកអាស៊ានខាងលើ កើតឡើងនៅពេលដែលប្រទេសជប៉ុន កំពុងតែព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ និងចំពេលដែលភាពតានតឹង រវាងសម្ព័ន្ធមិត្តសន្តិសុខសំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន គឺប្រទេសចិន មានសភាពកាន់តែខ្លាំងក្លាឡើង។ ប្រទេសវៀតណាមនិងឥណ្ឌូនេស៊ី ក៏ជាគោលដៅដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូង របស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ បន្ទាប់ពីលោកបានចូលកាន់តំណែងជាលើកទី០២ ខែធ្នូ ឆ្នាំ ២០១២ ផងដែរ៕