(បាគូ)៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានអំពាវនាវជាថ្មីដល់ប្រទេសអាមេនី និងអាហ្សែបៃហ្សង់ ឱ្យបញ្ឈប់ការប្រយុទ្ធគ្នា នៅក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ជាបន្ទាន់ បន្ទាប់ពីភាគីជម្លោះទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបទឈប់បាញ់ ដែលចាប់ផ្ដើមអនុវត្តកាលពីចុងសប្ដាហ៍កន្លងទៅ។ នេះ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ សយហ្គូ (Sergei Shoigu) បានអំពាវនាវតាមរយៈទូរស័ព្ទដៃ ទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្សែបៃហ្សង់ និងអាមេនី ដោយ ជំរុញឱ្យប្រទេសទាំងពីរ «បំពេញនូវការប្តេជ្ញាចិត្ត» ដែលបានធ្វើឡើងក្រោមបទឈប់បាញ់រួមគ្នា ដើម្បីមនុស្សធម៌នៅក្នុងតំបន់ Nagorno-Karabakh ដែលផ្ដើមអនុវត្តឡើង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោយពីមានការចរចារគ្នា រយៈពេលខ្លីក្នុងទីក្រុងម៉ូស្គូ។

ភាគីជម្លោះទាំងពីរ បានបដិសេធរៀងៗខ្លួន នូវការចោទប្រកាន់ពីការរំលោភបទឈប់បាញ់ ខណៈប្រធានាធិបតីអាហ្សែបៃហ្សង់លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) បាននិយាយម្ដងហើយម្ដងទៀតថា កងទ័ពអាហ្សែបៃហ្សង់ កំពុងតែបន្តប្រតិបត្តិការយោធា ក្នុងតំបន់ Nagorno-Karabakh។ ក្រសួងការពារជាតិ ប្រចាំតំបន់ Nagorno-Karabakh បានចោទប្រកាន់កងទ័ពអាហ្សែបៃហ្សង់ថា បានបើកការវាយប្រហារដោយប្រើកាំភ្លើងធំ និងរ៉ុក្កែតលើតំបន់ជាច្រើន ហើយក្រុមមន្រី្តការពារជាតិ នៅក្នុងតំបន់នេះ ថែមទាំងអះអាងថាដែរថា កងកម្លាំងរបស់ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំងអាហ្សែបៃហ្សង់ Su-25 មួយគ្រឿងផងដែរ។

ប៉ុន្តែ ភាគីអាហ្សែបៃហ្សង់បានបដិសេធ ចំពោះការអះអាងនេះ ហើយបានចោទប្រកាន់កងកម្លាំងអាមេនី ទៅវិញដែរថា បានបើកការវាយប្រហារជាថ្មីទៅលើទីតាំងកងកម្លាំង របស់ពួកគេ នៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ និងនៅតាមតំបន់ Terter, Aghdam និង Aghjabedi នៃប្រទេសអាហ្សែបៃហ្សង់។ ការិយាល័យរដ្ឋអាជ្ញា អាហ្សែបៃហ្សង់ បានរាយការណ៍ពីការស្លាប់ថ្មីរបស់ជនស៊ីវិលម្នាក់ និងរងរបួសជាច្រើននាក់ រួមទាំងអ្នកកាសែតរបស់ពួកគេផងដែរ។

គួរជម្រាបថា បទឈប់បាញ់ក្នុងតំបន់ Nagorno-Karabakh មិនត្រូវបានអនុវត្តតាមឡើយ បើទោះបីជាមានការអំពាវនាវពីមហាអំណាចពិភពលោក ឱ្យបញ្ឈប់ការ វាយប្រយុទ្ធគ្នាដែលបានសម្លាប់មនុស្សជាង៥០០នាក់ ចាប់តាំងពីជម្លោះដែលមានអាយុរាប់ទសវត្សនេះ បានផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅនេះក៏ដោយ៕