(ហុងកុង)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ជូនសំណើលក់អាវុធទំនើបៗឱ្យកោះតៃវ៉ាន់ ជូនសភាត្រួតពិនិត្យហើយ ខណៈក្នុងចំណោមអាវុធ ទាំងនេះក៏មានយន្ដហោះដ្រូន MQ-9 ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សេតវិមានបានជូនដំណឹងដល់សភា អាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ពីគម្រោងលក់យន្ដហោះដ្រូន MQ-9 ផលិតដោយក្រុមហ៊ុន General Atomics និងមីស៊ីលប្រឆាំងនាវាចម្បាំង Harpoon ផលិតដោយក្រុមហ៊ុន Boeing ឱ្យកោះតៃវ៉ាន់។ បន្ថែមពីលើនេះ រដ្ឋបាលលោក ត្រាំ ក៏មានគម្រោងលក់ប្រព័ន្ធគ្រាប់រ៉ុក្កែត HIMARS , ប្រព័ន្ធមីស៊ីល SLAM-ER និងប្រព័ន្ធកំណត់ទិសដៅ ឬចលនា (sensor) ផ្នែកខាងក្រៅសម្រាប់បំពាក់លើយន្ដហោះចម្បាំង F-16 ផងដែរ។

ក៏ប៉ុន្តែ រដ្ឋាភិបាលអាមេរិក មិនទាន់ទទួលស្គាល់ព័ត៌មានពីគម្រោងលក់អាវុធឱ្យកោះតៃវ៉ាន់នៅឡើយទេ ខណៈចិនបានព្រមានទុកជាមុនថាខ្លួននឹងចាត់វិធានការឆ្លើយតប បើសិនជារឿងបែបនេះកើតឡើងមែននោះ។

គួរជម្រាបថា កាលពីប៉ុន្មានខែមុន សហរដ្ឋអាមេរិក បានអនុម័តលើការលក់អាវុធឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃ ២.២ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងរថក្រោះ M1A2T Abrams ១០៨គ្រឿង, មីស៊ីល Stinger ២៥០គ្រឿង និងបរិក្ខាពាក់ព័ន្ធដទៃទៀត បើទោះជាចិនជំទាស់ និងព្រមានសងសឹកក៏ដោយ៕