(លីម៉ា)៖ ការតស៊ូព្យាយាមពិតជាបានសម្រចមែន ដោយនៅទីបំផុតអាជ្ញាធរប៉េរូបានសម្រេច បើកទ្វារប្រាសាទដ៏ល្បីល្បាញរបស់ខ្លួនគឺ ម៉ាជូ ពិចជូ (Machu Picchu) ស្វាគមន៍ជនជាតិជប៉ុនតែម្នាក់ប៉ុណ្ណោះ ដែលបានសុខចិត្តរង់ចាំ និងសំណូមពររហូតដល់ទៅ ០៧ខែមកហើយ ដើម្បីបានចូលទស្សនាប្រាសាទដ៏ល្បីឈ្មោះបំផុតមួយ នៅលើពិភពលោកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទីតុលា ឆ្នាំ២០២០។

លោក ចេស៊ី តាកាយ៉ាម៉ា (Jesse Takayama) បានថ្លែងអំណរគុណដល់អាជ្ញាធរប៉េរូ ដែលបានយល់ព្រមខ្លួនចូលក្នុងប្រាសាទ Machu Picchu បន្ទាប់ពីលោកបានដាក់សំណើមួយ ទៅកាន់អាជ្ញាធរក្រុង អាក្វាស ខាលៀនតេស (Aguas Calientes) ស្ថិតនៅក្បែរជើងភ្នំប្រាសាទនោះ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០, នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប៉េរូ លោក អាឡិចហ្សាន់ដ្រូ ណេយរ៉ា (Alejandro Neyra) នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីលីម៉ា)។

លោក Neyra បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គាត់បានមកកាន់ប្រទេសប៉េរូ ជាមួយនឹងក្តីសុបិនចូលទស្សនាប្រាសាទ...។ ជនជាតិជប៉ុនរូបនេះ បានចូលទៅកាន់ប្រាសាទ ជាមួយនិងអ្នកគ្រប់គ្រងតំបន់ប្រាសាទ ហើយគាត់អាចទស្សនាប្រាសាទបាន មុននឹងត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ»។ ក្រោយក្តីសុបិនក្លាយជាការពិតលោក Jesse Takayama បានថ្លែងយ៉ាងដូច្នេះថា «វាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់! សូមអរគុណអ្នកទាំងអស់គ្នា!»

គួរបញ្ជាក់ថា ប្រទេសប៉េរូបានសម្រេចបិទប្រាសាទ និងទីកន្លែងកម្សាន្តនានាទូទាំងប្រទេស អស់ជាច្រើនខែមកហើយ គិតចាប់តាំងពីប្រទេសអាមេរិកឡាទីនមួយនេះ ចាប់ផ្តើមរងការរាតត្បាតពីជំងឺ COVID-19។ បច្ចុប្បន្នប៉េរូឈរនៅលេខរៀងទី ៨ លើពិភពលោកលោក ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនខ្លាំងរហូតដល់ជាង ៨៥០,០០០ករណី ក្នុងនោះស្លាប់ជាង ៣៣,៣០០នាក់ និងជាសះស្បើយវិញជាង ៧៤៨,០០០នាក់៕