(ហុងកុង)៖ អាជ្ញាធរហុងកុងបានប្រកាសសញ្ញាអាសន្ន ពីខ្យល់កំណាចមួយនៅព្រឹកថ្ងៃអង្គារនេះ នោះគឺព្យុះទីហ្វុងណាងកា (Nangka) ដែលបាននិងកំពុងធ្វើដំណើរកាន់តែខិតជិតដល់ទីក្រុងភាគអាគ្នេយ៍ប្រទេសចិនមួយនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

នៅម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងទីក្រុងហុងកុង) ព្យុះ Nangka បានស្ថិតនៅចំងាយ ៤៥០គីឡូម៉ែត្រពីភាគនិរតីទីក្រុងហុងកុង ហើយត្រូវបានគេព្យាករណ៍ថា នឹងបក់បោកក្នុងល្បឿន ២២គីឡូម៉ែត្រក្នុងមួយម៉ោង ទៅកាន់ខេត្តដីកោះហៃណាន (Hainan) មុននឹងត្រូវថមថយកម្លាំងបន្តិចម្ដងៗ។ ការប្រកាសសញ្ញាអាសន្នពីខ្យល់ព្យុះខាងលើនេះ ទីក្រុងហុងកុងអាចនឹងបង្កើនការប្រុងប្រយ័ត្ន សម្រាប់រយៈពេលពេញមួយថ្ងៃអង្គារនេះ ស្របពេលដែលសាលារៀនជាច្រើន ត្រូវបានសម្រេចឲ្យបិទជាបណ្ដោះអាសន្ន។

ទន្ទឹមគ្នានេះអាជ្ញាធរទីក្រុងម៉ាកាវក៏បានចេញផ្សាយ ការប្រកាសសញ្ញាអាសន្ន ឲ្យគ្រប់គ្នាបង្កើនការប្រុងប្រយ័ត្ន ដើម្បីបង្ការហានិភ័យនានាពីខ្យល់ព្យុះទីហ្វុង Nangka ព្រមទាំង សញ្ញាអាសន្នពណ៌ខៀវពីគ្រោះទឹកជំនន់ផងដែរ។ គួរបញ្ជាក់ថា កម្រិតប្រកាសអាសន្នខាងលើនេះ គឺស្ថិតនៅក្នុងកម្រិតបង្គួរមួយប៉ុណ្ណោះ ហើយតំបន់របស់ចិនដែលនឹងទទួលរងគ្រោះ ខ្លាំងបំផុតដោយសារព្យុះនៅពេលខាងមុខទៀតនោះ គឺខេត្តដីកោះហៃណាន៕