(គូឡាឡាំពួរ)៖ អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទនេះបានប្រកាសដាក់ចេញឡើងវិញ នូវវិធានការរឹតត្បិតលើការធ្វើដំណើរ នៅតាមតំបន់ជាច្រើន រួមទាំងទីក្រុងគូឡាឡាំពួរផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ខណៈសន្ទុះនៃករណីឆ្លងមួយរយៈពេលចុងក្រោយនេះ មានការកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី លោក Ismail Sabri Yaqoub ដែលជាអ្នកសម្របសម្រួលការអនុវត្តវិធានការរឹតត្បិតលើការធ្វើដំណើរខាងលើ បានប្រកាសថា វិធានការនេះនឹងត្រូវអនុវត្តនៅទីក្រុងគូឡាឡាំពួរ មណ្ឌលរដ្ឋបាល Putrajaya ក៏ដូចជារដ្ឋជិតខាង Selangor ផងដែរ ចាប់ពីថ្ងៃទី១៤ ដល់ទី២៧ ខែតុលានេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងភ្លាមៗនៃករណីឆ្លងថ្មី នៃជំងឺ COVID-19 ជារៀងរាល់ថ្ងៃ និងដើម្បីបំបែកខ្សែសង្វាក់ចង្កោមចម្លង។

ក្នុងកំឡុងពេលនៃវិធានការនេះ ការធ្វើដំណើរចេញក្រៅប្រទេស ក៏មិនត្រូវបានអនុញ្ញាតឲ្យដែរ លើកលែងតែក្នុងគោលបំណងការងារប៉ុណ្ណោះ។ សាលារៀន មណ្ឌលថែទាំសុខភាព ឧទ្យានសាធារណៈ មណ្ឌលកំសាន្ត និងកន្លែងគោរពបូជា នឹងត្រូវបិទទ្វារ។ សកម្មភាពកីឡា និងការងារសង្គម ក៏មិនត្រូវបានអនុញ្ញាតផងដែរ។ ទោះជាយ៉ាងណា សកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត នៅតាមតំបន់ដែលរងផលប៉ះពាល់ទាំងនោះ នឹងមិនត្រូវបានហាមឃាត់ឡើយ ដោយប្រកាន់ខ្ជាប់ជាមួយនឹងនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) និងគោលការណ៍ណែនាំផ្សេងៗទៀត ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លង។

គួរជម្រាបថា សន្ទុះនៃករណីឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ីបានហក់ឡើងវិញ នៅរយៈពេលចុងក្រោយនេះ ដោយករណីភាគច្រើន ត្រូវបានគេរកឃើញនៅភាគខាងកើតនៃរដ្ឋ Sabah។ ជាក់ស្តែង នៅថ្ងៃចន្ទ ទី១២ ខែតុលានេះ ប្រទេសអាស៊ានមួយនេះ បានកត់ត្រាករណីឆ្លងថ្មីៗ ចំនួន ៥៦២នាក់ និងស្លាប់ ០២នាក់បន្ថែម។ ជាសរុប បច្ចុប្បន្នប្រទេសម៉ាឡេស៊ី មានអ្នកជំងឺសរុបចំនួន ១៦,២២០នាក់ ក្នុងនោះស្លាប់ ១៥៩នាក់ និងជាសះស្បើយ ១១,០២២នាក់ ឬស្មើនឹង ៦៧.៩%នៃអ្នកជំងឺទាំងអស់៕