(ភ្នំពេញ)៖ ប្រទេសកូរ៉េខាងជើង ក្រោមដឹកនាំរបស់លោក គីម ជុងអ៊ុន បានប្រារព្ធក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ កាលពីថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ដើម្បីអបអរខួបឆ្នាំទី៧៥ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាចតែមួយគត់ នៅប្រទេសកូរ៉េខាងជើង។

នៅក្នុងឱកាសខាងលើនេះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នេះថា «ជ័យជម្នះថ្ងៃនេះ ដែលកំពុងធ្វើឱ្យពិភពលោកកោតសរសើរ គឺជាជ័យជម្នះដ៏អស្ចារ្យ ដែលប្រជាជនយើងទទួលបាន។ សម្រាប់គណបក្សរបស់យើង អាយុជីវិតរបស់ប្រជាជនម្នាក់ៗ មានតម្លៃជាងអ្វីៗទាំងអស់ ហើយសុខភាពល្អរបស់ប្រជាជនយើងមានន័យថា ជាអាយុជីវិតរបស់គណបក្ស និងអ្វីៗទាំងអស់នៅលើទឹកដីនេះ»

នៅក្នុងក្បួនព្យុហយាត្រាខាងលើនេះ អ្វីដែលបានធ្វើឲ្យពិភពលោកទាំងមូលចាប់អារម្មណ៍ និងភ្លឺភ្នែកខ្លាំងបំផុតនោះ គឺគ្រាប់មីស៊ីលប្រភេទថ្មី ដែលមានទំហំធំជាងគ្រាប់មីស៊ីលមុនៗ ដែលកូរ៉េខាងជើងធ្លាប់បង្ហាញ ហើយវាត្រូវបានអ្នកវិភាគអន្តរជាតិជឿជាក់ថា ជាគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបស៊េរីថ្មី (ICBM) ដែលមានសមត្ថភាពខ្លាំងជាងមុនទៅទៀត។

ខាងក្រោមជាកម្រងរូបភាព១០០សន្លឹក ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានក្តៅៗពីស្ថានទូតនៃប្រទេសកូរ៉េខាងជើង ប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០៕