(ហៃគូ)៖ អាជ្ញាធរឧតុនិយមចិនបានប្រកាសឲ្យដឹងថា ព្យុះទីហ្វុងយ៉ាងហោចណាស់ចំនួន ០៣ បាននិងកំពុងរំកិលមកវាយប្រហារខេត្តដីកោះហៃណាន (Hainan) និងប្រជុំកោះស៊ីសា (Xisha) ស្ថិតនៅអាគ្នេយ៍ប្រទេសចិន ចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញ រហូតដល់ពាក់កណ្តាលខែតុលា ដោយពួកវានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះមហន្តរាយផ្សេងៗទៀត ខណៈអាជ្ញាធរកំពុងបង្កើនការប្រុងប្រយ័ត្ន និងត្រៀមជម្លៀសប្រជាជនដែលងាយនឹងរងគ្រោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

ខេត្តដីកោះរបស់ចិនខាងលើនេះ បច្ចុប្បន្នកំពុងទទួលរងឥទ្ធិពលពីព្យុះ លីនហ្វា (Linfa) រួចជាស្រេចទៅហើយ គិតចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញ ដោយវាជាព្យុះស៊ីក្លូនទី ១៥ បោកបក់លើទឹកដីចិនក្នុងឆ្នាំ២០២០។ ដោយឡែព្យុះទី ១៦ ប្រចាំឆ្នាំ២០២០ នឹងរំកិលពីសមុទ្រចិនខាងត្បូង មកសង្គ្រប់លើខេត្តហៃណាន ហើយនឹងបង្កទៅជាគ្រោះទឹកជំនន់ និងបំណាក់ដីចាប់ពីថ្ងៃអង្គារស្អែកនេះ រហូតដល់ថ្ងៃពុធនៅភាគអាគ្នេយ៍ខេត្តដីកោះមួយនេះ។

ក្រោយពីព្យុះទី ១៦ រសាត់ផុតទៅ ព្យុះទី ១៧ នឹងធ្វើដំណើរមកវាយប្រហារខេត្តហៃណានបន្ថែមទៀត នៅថ្ងៃទី១៥ ខែតុលា ហើយវានឹងអូសបន្លាយដល់ថ្ងៃទី១៩ ខែតុលាដដែល។ អាជ្ញាធរចិនបានអំពាវនាវឲ្យប្រជាជន រស់នៅតាមដងទន្លេនានា និងតំបន់ឆ្នេរនៃខេត្តហៃណាន បង្កើនការប្រុងប្រយ័ត្នឲ្យដល់កម្រិតខ្ពស់បំផុត ខណៈកម្ពស់ទឹកនឹងកើនឡើង និងបង្កទៅជាគ្រោះទឹកជំនន់។ ដោយឡែកទូកនេសាទនានា ក៏ត្រូវបានណែនាំឲ្យត្រឡប់មកចូលចតនៅកំពង់ផែវិញផងដែរ ដើម្បីទប់ស្កាត់ហានិភ័យទាំងឡាយ៕