(គែរ)៖ ក្រសួងការបរទេសអេហ្ស៊ីបបានប្រកាសថា ទីក្រុងគែរយល់ស្របចំពោះ «បទឈប់បាញ់គ្នាដើម្បីមនុស្សធម៌» នាពេលថ្មីៗនេះរវាងប្រទេសអាមេនី (Armenia) និងអាហ្សែបៃហ្សង់ (Azerbaijan) តាមរយៈកិច្ចសម្របសម្រួល ត្រូវបានរៀបចំឡើងដោយប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

ក្រសួងបរទេសអេហ្ស៊ីបបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអេហ្ស៊ីបបានអំពាវនាវឱ្យភាគីទាំងសងខាង ប្តេជ្ញាចិត្តលើកិច្ចព្រមព្រៀងបញ្ឈប់ការបាញ់ប្រហារគ្នា «ដើម្បីទទួលបាននូវសន្តិភាព និងគោលដៅមនុស្សធម៌ដែលខ្លួនចង់បាន»។ ទន្ទឹមគ្នានេះដែរ ប្រទេសអារ៉ាប់មួយនេះក៏បានជំរុញឱ្យប្រទេស Armenia និង Azerbaijan វិលត្រឡប់មកតុចរចាវិញផងដែរ ដើម្បីឈានទៅរក «ដំណោះស្រាយប្រកបដោយចីរភាពមួយ ដែលស្របតាមច្បាប់អន្តរជាតិ»

គួរបញ្ជាក់ថា ប្រទេស Armenia និង Azerbaijan បានយល់ព្រមលើកិច្ចព្រមព្រៀងបញ្ឈប់ការបាញ់ប្រហារគ្នានៅក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ដែលចាប់ផ្តើមអនុវត្តកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោយពីមានការចរចារយៈពេលខ្លីនៅទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថា កាលពីចុងខែកញ្ញាកន្លងទៅនេះ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងប្រទេស Armenia និង Azerbaijan នៅតំបន់ជម្លោះ Nagorno-Karabakh ដែលបណ្តាលឱ្យទាហាន-ជនស៊ីវិលស្លាប់ជាង ២០នាក់ និងរងរបួសជាង ១០០នាក់៕