(តែលអាវីវ)៖ រដ្ឋមន្រ្តីស៉ើបការណ៍សម្ងាត់របស់អ៉ីស្រាអែល លោក អេលី ខូហិន (Eli Cohen) បាននិយាយថា អ៉ីស្រាអែលនឹងប្រឆាំងដាច់ខាតចំពោះការលក់យន្តហោះចម្បាំងអាមេរិក F-35 ឲ្យទៅប្រទេសកាតា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កាតាបានស្នើទិញយន្តហោះចម្បាំងដ៏ទំនើបនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីចារកម្មអ៉ីស្រាអែល គឺជាការឆ្លើយតបចំពោះសេចក្តីរាយការណ៍មួយ របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលថា ប្រទេសកាតាបានដាក់សំណើជាផ្លូវការ ទៅកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលជាផលិតផលរបស់ក្រុមហ៊ុនសព្វាវុធអាមេរិក ឡុកហ៉ីដម៉ាទីន (Lockheed Martin)។

នៅពេលក្រុមអ្នកសារព័ត៌មានសួរថា តើអ៉ីស្រាអែលនឹងជំទាស់ចំពោះការលក់ F-35 ឲ្យកាតាដែរឬយ៉ាងណា? លោក Cohen បានឆ្លើយតបដូច្នេះថា «ចម្លើយគឺប្រាកដណាស់ ដ្បិតសន្តិសុខ និងឧត្តមភាពយោធារបស់យើងនៅក្នុងតំបន់ គឺជារឿងដ៏សំខាន់បំផុតសម្រាប់ពួកយើង ហើយតំបន់យើងមិនទាន់មានសន្តិភាព និងស្ថិរភាពនៅឡើយទេ»

គួរជម្រាបថា សហរដ្ឋអាមេរិកតែងធ្វើការពិគ្រោះយោបល់ជាមួយអ៉ីស្រាអែល ទាក់ទងនឹងគម្រោងលក់អាវុធទំនើបៗទៅកាន់ប្រទេសដទៃទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែមានគម្រោងខ្លះនៅតែសម្រេចទៅមុខ បើទោះបីជាមានការជំទាស់ពីខាងអ៉ីស្រាអែលក៏ដោយ៕