(វ៉ាស៊ីនតោន)៖ វាជាលើកដំបូងហើយសម្រាប់មេដឹកនាំពិភពលោកមួយរូប ដែលបានប្រកាសថា ខ្លួនមានប្រព័ន្ធភាពសុំាដែលអាចទប់ទល់នឹងវីរុស COVID-19។ លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១១ ខែតុលា (ពេលវេលានៅវ៉ាស៊ីនតោន) បានអះអាងថា ខ្លួនលោកមានភាពសុំាហើយ ដែលវាអាចការពារខ្លួនពីជំងឺរាតត្បាតសកល COVID-19 ខណៈលោកក៏បានត្រៀមរួចជាស្រេចដែរ សម្រាប់ការការប្រកួតប្រជែងជាមួយលោក ចូ បៃដិន ដើម្បីរក្សាកៅអីសេតវិមានរបស់លោក នៅប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ វេជ្ជបណ្ឌិតរបស់លោក ដូណាល់ ត្រាំ បានអះអាងថា ប្រធានាធិបតីអាមេរិករូបនេះ បានជាសះស្បើយទាំងស្រុងពីជំងឺ COVID-19 ហើយអាចចូលរួមនៅក្នុងវេទិកាតស៊ូមតិឡើងវិញបាន ដោយមិនចាំបាច់ភ័យព្រួយថា នឹងឆ្លងជំងឺមួយនេះម្តងទៀតឡើយ។ ទោះបីជាលោក ត្រាំ ផ្ទាល់បានប្រកាសថា លោកមានប្រព័ន្ធភាពសុំា ដែលអាចទប់ទល់វីរុសកូរ៉ូណាមែន ប៉ុន្តែពុំទាន់មានឯកសារ ឬក៏ការអះអាងពីអ្នកជំនាញផ្លូវការណាមួយ ទទួលស្គាល់អំពីរឿងនេះនៅឡើយទេ។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់សារព័ត៌មាន Fox News យ៉ាងដូច្នេះថា «មើលទៅពេលនេះ ខ្ញុំហាក់ដូចជាមានភាពសុំា (ប្រព័ន្ធភាពសុំា) ហើយ... ខ្ញុំមិនទាន់ដឹងច្បាស់ទេ... វាអាចសម្រាប់រយៈពេលយូរ ឬខ្លី និងអាចពេញមួយជីវិតផងក៏ថាបាន... គ្មាននរណាដឹងច្បាស់នៅឡើយទេ ប៉ុន្តែខ្ញុំមានភាពសុំាហើយ។ ពាក្យថាភាពសុំានេះមានន័យថា ជាអ្វីមួយដែលអាចធ្វើជារនាំងការពារយើងបាន...។ ដូច្នេះចាប់ពីពេលនេះទៅ អ្នកទាំងអស់គ្នាមានប្រធានធិបតីមួយរូប ដែលមិនចាំបាច់ត្រូវឃុំខ្លួនក្នុងបន្ទប់ក្រោមដី ដូចជាដៃគូប្រជែងរបស់ខ្ញុំ (បៃដិន) នោះឡើយ»

គួរបញ្ជាក់ថា អ្វីដែលច្បាស់លាស់បំផុត នៅក្នុងដំណើរការព្យាបាលអ្នកជំងឺ COVID-19 ឲ្យជាសះស្បើយនោះ គឺអ្នកជំងឺដែលបានជាឡើងវិញ មិនប្រាកដថាអាចមានប្រព័ន្ធភាពសុំា ដើម្បីការពារខ្លួនពីការឆ្លងជំងឺនេះជាថ្មីឡើយ ហើយករណីលាប់ជំងឺនេះឡើងវិញ ក៏ធ្លាប់បានកើតឡើងជាច្រើនរួចមកហើយដែរ។ ដោយឡែកលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានធ្វើតេស្តរកឃើញផ្ទុក COVID-19 កាលពីថ្ងៃទី០១ ខែតុលា ប៉ុន្តែការព្យាបាលលោកឲ្យជាសះស្បើយឡើងវិញ បានប្រើប្រាស់ពេលវេលាមិនដល់មួយសប្តាហ៍ផង ដែលវាលឿនជាងធម្មតា និងបានបង្កឲ្យមានការងឿងឆ្ងល់ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោក៕