(បាងកក)៖ មនុស្សយ៉ាងហោច២០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីរថភ្លើងដឹកទំនិញមួយគ្រឿងបានបុករថយន្តដឹកអ្នកដំណើរមួយគ្រឿង នៅក្បែររាជធានីបាងកករបស់ប្រទេសថៃ នាថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០។

យោងតាមការបញ្ជាក់របស់អាជ្ញាធរថៃ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោងខ្ទង់៨ព្រឹក។ ក្រៅពីអ្នកស្លាប់ មានមនុស្សជាង ៣០នាក់ទៀតបានទទួលរងរបួស។ គ្រោះថ្នាក់នេះស្ថិតនៅក្នុងខេត្ត Chachoengsao ភាគខាងកើតទីក្រុងបាងកក ខណៈរថភ្លើងធ្វើដំណើររវាងស្ថានីយ Laem Chabang ក្នុងខេត្ត Chonburi និងស្ថានីយ Hua Takhe ក្នុងទីក្រុងបាងកក រីឯរថយន្តក្រុងដែលដឹកអ្នកដំណើរប្រហែល៦០នាក់ ធ្វើដំណើរពីប្រាសាទ Bang Pla Nak ក្នុងខេត្ត Chachoengsao ទៅខេត្ត Samut Prakan។

គួរជម្រាបថា ការស៉ើបអង្កេតត្រូវបានចាប់ផ្តើម ដើម្បីស្រាវជ្រាវជុំវិញករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ៕