(ម៉ីចស៉ីកូស៉ីធី)៖ ក្រសួងការបរទេសម៉ិចស៉ីកូនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសម៉ិចស៉ីកូបានបង់ថវិកាទុកជាមុនចំនួន ១៥៩.៨លានដុល្លារ ដើម្បីធានាការទិញវ៉ាក់សាំងកូវីដ-១៩ជោគជ័យមួយ តាមរយៈគម្រោង COVAX ដែលស្ថិតក្រោមការដឹកនាំរបស់សម្ព័ន្ធភាព GAVI, មូលនិធិ CEPI និងអង្គការ WHO។ នេះបើតាមការដកស្រង់ការផ្សាយចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសម៉ិចស៉ីកូ រដ្ឋាភិបាលម៉ិចស៉ីកូបានផ្ទេរចំនួនថវិកាខាងលើទៅកាន់សម្ព័ន្ធភាព GAVI កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ការបង់ប្រាក់ជាមុននេះនឹងធានាឲ្យម៉ិចស៉ីកូនូវការទិញវ៉ាក់សាំងសម្រាប់ប្រជាជនខ្លួន២០ភាគរយ។ ភាគរយនេះតំណាងឲ្យវ៉ាក់សាំងចំនួនច្រើនជាង៥១.៥លានដូស សម្រាប់ករណីដែលមនុស្សម្នាក់ត្រូវការចាក់២ដូស។

ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្នគម្រោង COVAX បានវិនិយោគទៅលើវ៉ាក់សាំងកូវីដ-១៩ សរុបចំនួន៩ មកពីបណ្តាប្រទេសខុសៗគ្នា ខណៈកិច្ចសន្យាបង់លុយជាមុនខាងលើ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលម៉ិចស៉ីកូអាចជ្រើសរើសវ៉ាក់សាំងដែលខ្លួនពេញចិត្តបាន នៅពេលពួកវាអភិវឌ្ឍជោគជ័យ។

គួរជម្រាបថា គិតមកទល់ពេលនេះ ម៉ិចស៉ីកូមានអ្នកឆ្លង COVID-19 សរុបលើសពី៨សែននាក់ ក្នុងនោះស្លាប់ច្រើនជាង៨៣,០០០នាក់៕