(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ក្នុងសារអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបាន ផ្ញើជូនលោក គីម ជុងអ៊ុន ក្នុងឱកាសគម្រប់ខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករកូរ៉េខាងជើង គឺមានគោលបំណងធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស៊ីជម្រៅរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។

បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក ស៊ី ជិនពីង បានសរសេរក្នុងសារអបអរសាទរនោះដូច្នេះថា៖ «យើងមានគោលបំណងពង្រឹងចំណង មិត្តភាពរវាងប្រទេសចិន និងកូរ៉េខាងជើងឱ្យកាន់តែមានភាពរឹងមាំ និងយូរអង្វែង ហើយយើងមានការរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលកូរ៉េខាងជើង បានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការចូលរួមជាមួយបណ្ដាប្រទេសនានា បើទោះបីជាត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើនក៏ដោយ»

គួរជម្រាបថា នាថ្ងៃសៅរ៍នេះ កូរ៉េខាងជើង បានប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករដែលកំពុងកាន់អំណាចរបស់ខ្លួន ហើយព្រឹត្តិការណ៍នានា មានរួមបញ្ចូលទាំងព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ខណៈកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច រួមទាំងវិធានការរឹតត្បិតប្រឆាំង COVID-19៕