(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលកររបស់ខ្លួន នៅក្នុងរដ្ឋធានី ព្យុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។

បើតាមយោធាកូរ៉េខាងត្បូង ព្យុហយាត្រាយោធាទ្រង់ទ្រាយធំនាថ្ងៃសៅរ៍នេះ ធ្វើឡើងនៅចំពេលកូរ៉េខាងជើង កំពុងរឹតបន្តឹងវិធានការរឹតត្បិតប្រឆាំង COVID-19។ អ្នកវិភាគជាច្រើន បាននិយាយថាកូរ៉េខាងជើង អាចនឹងបញ្ចេញនូវមីស៊ីលផ្លោងឆ្លងទ្វីបស៊េរីថ្មី និងអាវុធយុទ្ធសាស្ត្រថ្មីជាច្រើនផងដែរ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនទាន់បានបញ្ចេញ រួបភាព ឬសេចក្ដីរាយការណ៍ពីព្យុហយាត្រយោធានេះទេ។

គួរជម្រាបថា កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាលើកចុងក្រោយកាលពីខែកញ្ញា ឆ្នាំ២០១៨ នាឱកាសប្រារព្ធខួបលើកទី៧០ នៃការបង្កើតរដ្ឋ ប៉ុន្តែពេលនោះបណ្ដាញ ទូរទស្សន៍រដ្ឋ ក៏មិនបានផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះដែរ ដោយបានចាក់ផ្សាយវីដេអូរបស់ខ្លួននៅពេលក្រោយ៕