(វ៉ាស៊ីនតោន)៖ លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ជាមន្ត្រីជំនាញកំពូលផ្នែកជំងឺឆ្លងនៅសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសអំពីដើមចមនៃការផ្ទុះជំងឺឆ្លងកូវីដ-១៩ នៅក្នុងសេតវិមានលោក ដូណាល់ ត្រាំ នោះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។

លោក Anthony Fauci បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ទិន្នន័យកន្លងមកនេះ បានបញ្ជាក់ច្បាស់លាស់ណាស់ទៅហើយ។ យើងបានឃើញព្រឹត្តិការណ៍ចម្លងកូវីដ-១៩ យ៉ាងធំមួយនៅសេតវិមាន ហើយវាគឺជាពេលដែលមនុស្សម្នាបានប្រមូលផ្តុំគ្នា និងភាគច្រើនមិនបានពាក់ម៉ាសសោះតែម្តង»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ធំមួយត្រូវបានរៀបចំឡើងនៅ សួនកូលាប (Rose Garden) នៅក្នុងទីធ្លាសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីស្វាគមន៍បេក្ខភាព​ចៅក្រមតុលាការកំពូលថ្មី គឺលោកស្រី អេមី ខូនី បារែត (Amy Coney Barrett) ជំនួសលោកស្រី រ៉ាស បាដឺ ហ្គីនស៍ប៊ឺក (Ruth Bader Ginsburg) ដែលបានទទួលមរណភាព។ នៅក្នុងពិធីនោះមានមនុស្សម្នាចូលរួមជាង ១០០នាក់ ហើយភាគច្រើនត្រូវបានគេមើលឃើញថា «មិនពាក់ម៉ាស»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងភរិយា ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកជំងឺ​កូវីដ-១៩ កាលពីថ្ងៃទី០១ ខែតុលា ហើយបន្ទាប់មកទៀត លោកប្រធានាធិបតីត្រូវណែនាំ ឲ្យទៅទទួលការព្យាបាល នៅឯមន្ទីរពេទ្យវេជ្ជសាស្ត្រយោធា វ៉លធើ រីដ (Walter Reed) ស្ថិតនៅក្នុងរដ្ឋម៉ារីលែនដ៍ ជាប់នឹងរដ្ឋធានីវ៉ាស៊ីនតោន។ ក្រោយមកទៀត មន្ត្រីកំពូលៗរួមមានដូចជា ទីប្រឹក្សា, ប្រធានរៀបចំយុទ្ធនាការបោះឆ្នោត និងសមាជិកព្រឹទ្ធសភាផងដែរ ដែលសុទ្ធសឹងតែបានចូលរួមកម្មវិធីខាងលើនេះ បានធ្វើតេស្តវិជ្ជមានកូវីដ-១៩៕