(យូអិន)៖ ប្រធាននៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំទី ៧៥ (UNGA 75) លោក វ៉ុលកាន បូសកឺ (Volkan Bozkir) បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា គោលដៅនៃការបើកកិច្ចប្រជុំពិសេសនាពេលខាងមុខ ដែលស្តីពីជំងឺរាតត្បាតសកល COVID-19 គឺធ្វើឡើងក្នុងន័យជំរុញសកម្មភាពរបស់សហគមន៍អន្តរជាតិ ឱ្យមានការរួបរួមគ្នាកម្ចាត់ជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

ប្រធាននៃសម័យប្រជុំ UNGA ឬ PGA បានគូសបញ្ជាក់នៅក្នុងពេលចរចាអន្តររដ្ឋាភិបាលជាក់ស្ដែង ស្ដីអំពីបែបបទសម្រាប់កិច្ចប្រជុំពិសេស របស់អង្គមហាសន្និបាតយ៉ាងដូច្នេះថា «កិច្ចប្រជុំលើកនេះមានគោលដៅ ក្នុងការជំរុញសកម្មភាពរបស់សហគមន៍អន្តរជាតិ ឱ្យរួបរួមគ្នាដើម្បីកម្ចាត់ជំងឺរាតត្បាតសកល COVID-19 និងជួយកាត់បន្ថយផលប៉ះពាល់ខាងសង្គម មនុស្សធម៌ និងសេដ្ឋកិច្ចរបស់ខ្លួន ដែលកិច្ចប្រជុំនេះមានការសម្របសម្រួល ដោយអ្នកតំណាងអចិន្រ្តៃយ៍អាហ្សៃបៃហ្សង់ និងអនុប្រធានអចិន្ត្រៃយ៍មកពីកាណាដា»

អ្នកនាំពាក្យរបស់លោក Bozkir គឺលោក ប្រេនដិន វ៉ាម៉ា (Brenden Varma) បានគូសបញ្ជាក់បន្ថែមនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «នៅក្នុងការជជែកពិភាក្សាទូទៅ ដែលបានបញ្ចប់កាលពីថ្ងៃទី២៩ ខែកញ្ញាកន្លងទៅនេះ PGA បានកត់សម្គាល់ឃើញថា រដ្ឋសមាជិកនីមួយៗបានសង្កត់ធ្ងន់លើផលវិបាក នៃជំងឺរាតត្បាតសកល COVID-19 និងថែមទាំងមានការអំពាវនាវយ៉ាងទទូច ពីសំណាក់មេដឹកនាំទាំងអស់ ដើម្បីឱ្យពិភពលោកជួបជុំគ្នា និងរួបរួមគ្នាដោះស្រាយបញ្ហានេះ តាមរយៈសកម្មភាពពហុភាគី ព្រោះការរួបរួមសាមគ្គី និងកិច្ចសហប្រតិបត្តិការពិតជាមានសារៈសំខាន់ណាស់ ក្នុងការយកឈ្នះលើបញ្ហាដែលយើងទាំងអស់គ្នា កំពុងតែប្រឈមមុខនេះ»

គួរបញ្ជាក់ថា បើតាមប្រធាននៃសម័យប្រជុំ UNGA លោក Volkan Bozkir កិច្ចប្រជុំពិសេសនេះ បានផ្តល់នូវឱកាសជាប្រវត្តិសាស្ត្រមួយ ដែលត្រូវតែកោះប្រជុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ រដ្ឋជាសមាជិក UN ទាំងអស់កំពុងតែធ្វើការចរចា លើសេចក្ដីព្រមព្រៀងបង្កើតដំណោះស្រាយ ដែលនឹងបញ្ជាក់ពីចំនុចទាំងនេះ និងកំណត់កាលបរិច្ឆេទចុងក្រោយ ហើយការចរចានឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ដល់ទី១៥ ខែតុលាខាងមុខនេះ៕