(សេអ៊ូល)៖ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា ខ្លួនអាចនឹងរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ នៅទីលានបិតាស្ថាបនិក គីម អ៉ីលស៊ុង (Kim Il Sung) ក្នុងរដ្ឋធានីព្យុងយ៉ាង នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បើទោះជាកំពុងអនុវត្តវិធានការរឹតត្បិតប្រឆាំង COVID-19 ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

ព្យុហយាត្រាទ្រងទ្រាយធំខាងលើ នឹងត្រូវធ្វើឡើងក្នុងរដ្ឋធានីព្យុងយ៉ាង នាឱកាសនៃការប្រារព្ធខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សពលករ ដែលត្រូវនឹងថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះតែម្តង។ បើតាមគេហទំព័រអាមេរិក ដែលជំនាញខាងតាមដានសកម្មភាពកូរ៉េខាងជើងគឺ 38North បានអះអាងដោយផ្អែកលើរូបភាពផ្កាយរណបថា ព្យុហយាត្រាយោធានេះ នឹងត្រូវធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ ខណៈយោធាកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះក៏បានឱ្យដឹងថា កូរ៉េខាងជើងអាចនឹងបញ្ចេញមីស៊ីលផ្លោងឆ្លងទ្វីបស៊េរីថ្មី (គ្រាប់មីស៊ីល ICBM អាចពាំក្បាល់គ្រាប់នុយក្លេអ៊ែរ) និងអាវុធយុទ្ធសាស្រ្តជាច្រើនផងដែរ។

គួរជម្រាបថា ព្យុហយាត្រាយោធានៅក្នុងឆ្នាំ២០២០នេះ នឹងធ្វើឡើងនៅចំពេលពិភពលោក និងកូរ៉េខាងជើងខ្លួនឯងកំពុងអនុវត្តវិធានការរឹតត្បិតប្រឆាំង COVID-19។ កូរ៉េខាងជើងមកទល់នឹងពេលនេះ មិនបានរាយការណ៍ពីករណីឆ្លងណាមួយឡើយ សូម្បីមួយករណី ខណៈសារព័ត៌មានមួយចំនួននៅកូរ៉េខាងត្បូង និងអាមេរិក នៅតែបង្ហាញមន្ទិលសង្ស័យ ចំពោះករណីឆ្លងជំងឺ COVID-19 នៅកូរ៉េខាងជើងដដែល៕