(ហាណូយ)៖ អាជ្ញាធរវៀតណាមបានចាប់ឃាត់ខ្លួនអ្នកសរសេរប្លុក (blogger) ដ៏ល្បីល្បាញម្នាក់ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីស្ត្រីម្នាក់នេះ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំមួយស្ដីពីសិទ្ធិមនុស្ស ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

លោកស្រី ផាម ដនត្រាង (Pham Doan Trang) ត្រូវបានអាជ្ញាធរទីក្រុងហូជីមិញចាប់ និងឃុំខ្លួនជាបណ្ដោះអាសន្នកាលពីថ្ងៃអង្គារកន្លងទៅ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយកិច្ចប្រជុំសិទ្ធិមនុស្ស សហរដ្ឋអាមេរិក-វៀតណាម ប្រចាំឆ្នាំលើកទី ២៤។ លោកស្រី Pham ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពប្រឆាំងរដ្ឋអំណាច ដែលអាចនឹងប្រឈមមុខជាប់ពន្ធនាគារ ២០ឆ្នាំ។

គួរជម្រាបថា អង្គការសិទ្ធិមនុស្សអន្តរជាតិនានាបានអំពាវនាវឱ្យវៀតណាម ដោះលែងអ្នកស្រី Pham Doan Trang ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ លោកស្រី Pham ដែលជាសកម្មជន ដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកសរសេរប្លុកដ៏ល្បី ក៏ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនផងដែរ៕