(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០នេះថា ខ្លួនកំពុងរៀបចំដកប្រទេស និងដែនដីសរុបចំនួន ១២ ចេញពីបំរាមនៃការធ្វើដំណើរ នៅក្នុងការចំណោមប្រទេស និងដែនដីសរុបទាំងអស់ ១៥៩ ដែលខ្លួនបានដាក់បំរាមធ្វើដំណើរ នៅអំឡុងនៃការរាតត្បាតជំងឺ COVID-19 ដ៏អាក្រក់បំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ប្រភពដែលត្រូវបានស្រង់ចេញពីកាសែតជប៉ុន យ៉ូមីអ៊ូរិ (Yomiuri) ខាងលើនេះបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងចំណោមប្រទេស និងដែនដីទាំង ១២ ដែលនឹងត្រូវដកបំរាមគោចរចេញ នៅខែវិច្ឆិកាខាងមុខនេះមានដូចជា ចិន, សិង្ហបុរី, វៀតណាម, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, អូស្ត្រាលី, នូវែលសេឡង់ និងកោះតៃវ៉ាន់ផងដែរ ខណៈឈ្មោះប្រទេសចំនួន ០៤ទៀតមិនទាន់ត្រូវបានបញ្ជាក់នោះទេ។

គួរបញ្ជាក់ថា ការត្រៀមដកបំរាមធ្វើដំណើរទៅកាន់ប្រទេស និងដែនដីទាំង ១២ ខាងលើនេះ គឺនឹងត្រូវធ្វើឡើងដោយយោងទៅលើការវាយប្រហារជាក់ស្តែង អំពីស្ថានការណ៍ធូរស្រាលនៃការរាតត្បាតជំងឺ COVID-19 និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នៃអាជ្ញាធរប្រទេស និងដែនដីទាំងនោះ។

ងាកមកកាន់ជប៉ុនវិញ អត្រាឆ្លង COVID-19 នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ៣ របស់ពិភពលោកមួយនេះក៏មានលក្ខណៈល្អប្រសើរផងដែរ ដោយអត្រាឆ្លង និងស្លាប់មានការថយចុះជាលំដាប់ ខណៈទីក្រុងតូក្យូបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនបរទេសនានា សរុបជាង ៥២០លានដូសទៅហើយ នៅពេលប្រទេសនេះមានប្រជាជនតែជាង ១២៦លាននាក់នោះ៕