(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក រ៉ូប៊ឺត អូប្រ៊ីយែន (Robert O'Brien) បានព្រមានចិនកុំឱ្យព្យាយាមបង្រួបបង្រួមកោះតៃវ៉ាន់ ដោយប្រើប្រាស់កម្លាំងយោធា ហើយអាមេរិកថែមទាំងបានសង្កត់ធ្ងន់ទៀតថា រាល់ប្រតិបត្តិការយោធា អាចនឹងប្រឈមមុខផលវិបាកធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

លោក O'Brien ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរូមក្នុងព្រឹត្តិការណ៍មួយ រៀបចំឡើងនៅឯសាកលវិទ្យាល័យណេវ៉ាដា (University of Nevada) ក្នុងទីក្រុងឡាវេហ្គាស (Las Vegas) នៅថ្ងៃពុធសប្ដាហ៍នេះ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ ក៏បានអះអាងដែរថា ចិនបាននិងកំពុងបង្កើនការផលិតនាវាចម្បាំង និងពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីអាល្លឺម៉ង់ព្យាយាមធ្វើដូចគ្នានេះ ដើម្បីប្រជែងជាមួយកងទ័ពជើងទឹកអង់គ្លេស អំឡុងសង្រ្គាមលោកលើកទី១។

លោក O'Brien បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផ្នែកមួយនៃការប្រឹងប្រែងនេះ គឺពួកគេ (ចិន) ចង់ពង្រឹងសមត្ថភាព ដើម្បីធ្វើយ៉ាងណាអាចបណ្ដេញពួកយើង ចេញពីតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីងាយស្រួលបញ្ជូនកងទ័ពចូលកោះតៃវ៉ាន់... ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ហើយវានឹងអាចប្រឈមមុខផលវិបាកធ្ងន់ធ្ងរ»

តែទោះជាយ៉ាងណានេះក្ដី នៅពេលត្រូវបានសាកសួរថា តើសហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងដូចម្ដេច ប្រសិនបើចិនវាយប្រហារលើកោះតៃវ៉ាន់ លោក O'Brien បានទទួលស្គាល់ថា សហរដ្ឋអាមេរិកនៅតែមានភាពមិនច្បាស់នៅឡើយថា តើខ្លួនត្រូវធ្វើអន្តរាគមន៍បែបណា ក្នុងករណីចិនវាយយកកោះតៃវ៉ាន់ ដោយកម្លាំងយោធាមែន។

គួរបញ្ជាក់ថា បើតាមច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ សហរដ្ឋអាមេរិកមានភារកិច្ចជួយជ្រោមជ្រែងកោះតៃវ៉ាន់ ឱ្យមានសមត្ថភាពការពារខ្លួនឯង ដែលភាគច្រើនផ្ដោតទៅលើការលក់អាវុធ។ ប៉ុន្តែច្បាប់នេះមិនបានចែងឱ្យច្បាស់ៗថា អាមេរិកនឹងចូលជួយតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន ដែរឬក៏យ៉ាងណានោះទេ ខណៈការលូកដៃរបស់អាមេរិកត្រូវបានគេដឹងថា នឹងបង្កជាជម្លោះដោយផ្ទាល់ជាមួយចិន៕