(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីនៃប្រទេសអាមេនី លោក Nikol Pashinyan បាននិយាយនៅថ្ងៃពុធនេះថា សកម្មភាពរបស់តួកគីនិងអាហ្សែបៃហ្សង់ កំពុងឆ្ពោះទៅរក«ការវាយប្រហារបែបភេរវកម្ម» ទៅលើតំបន់ជម្លោះ Nagorno Karabakh ដែលជាផ្នែកមួយនៃការបន្តអំពើប្រល័យពូជសាសន៍ របស់ពួកគេ មកលើប្រជាជនអាមេនី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។

តាមរយៈកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Sky News លោក Pashinyan បានលើកឡើងយ៉ាងដូច្នេះថា«យើងកំពុងតែប្រឈមមុខនឹងទង្វើភេវរកម្មអន្តរជាតិអាហ្សែ-តួកគី។ សម្រាប់ខ្ញុំ គឺគ្មានការសង្ស័យទេថា នេះគឺជាគោលការណ៍នៃការបន្តទង្វើប្រល័យពូជសាសន៍ និងជាគោលនយោបាយស្តារចក្រភពតួកគីឡើងវិញ»។

បើតាមភាគីអាមេនី អំពើប្រល័យពូជសាសន៍អាមេនី សំដៅទៅលើការសម្លាប់ជនជាតិអាមេនីប្រមាណ ១.៥លាននាក់ ដោយចក្រភពអូតូម៉ង់ កាលពីចន្លោះឆ្នាំ១៩១៥ ដល់ឆ្នាំ១៩២៣។ តួកគីក៏បានទទួលស្គាល់ដែរថា ជនជាតិអាមេនីជាច្រើននាក់ត្រូវបានសម្លាប់ នៅក្នុងសម័យកាលចក្រភពអូតូម៉ង់ ក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអូតូម៉ង់ កំឡុងពេលសង្គ្រាមលោកលើកទី១។ ទោះជាយ៉ាងណា តួកគីបានជំទាស់ចំពោះតួលេខ និងបានបដិសេធថាការសម្លាប់នេះ គឺមិនត្រូវបានរៀបចំជាប្រព័ន្ធដែលបង្កើតជាការប្រល័យពូជសាសន៍នោះទេ។

គួរជម្រាបថា ប្រទេសអាមេនី និងអាហ្សែបៃហ្សង់មានភាពតាងតឹងរវាងគ្នានៅតំបន់ Nagorno-Karabakh ចាប់តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ ហើយកិច្ចចរចាសន្តិភាពត្រូវបានធ្វើឡើងកាលពីឆ្នាំ១៩៩៤ ប៉ុន្តែការប៉ះទង្គិចគ្នាតិចតួចម្តងម្កាលនៅតែបន្តកើតឡើង។ តំបន់ Nagorno-Karabakh បើតាមច្បាប់អន្តរជាតិ គឺស្ថិតនៅក្នុងផែនទីនៃប្រទេសអាហ្សែបៃហ្សង់ ប៉ុន្តែការពិតជាក់ស្តែងនោះ ដែនដីស្វយ័តដែលមានជនជាតិដើមអាមេនីរស់នៅច្រើនបំផុតនេះ បានតាំងខ្លួនឯងជាសាធារណរដ្ឋ និងទទួលជំនួយពីប្រទេសអាមេនី៕