(ហ្សឺណេវ)៖ ប្រធានឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNHCR) លោក Filippo Grandi បានប្រកាសឲ្យដឹងនៅថ្ងៃពុធ ទី០៧ ខែតុលានេះថា លោកបានតេស្តឃើញ «វិជ្ជមាន» ចំពោះជំងឺ COVID-19 បន្ទាប់ពីលោកបានដឹកនាំថ្ងៃដំបូង នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ទីភ្នាក់ងារមួយនេះ ដោយផ្ទាល់កាលពីថ្ងៃចន្ទកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

លោក Filippo Grandi ដែលបានចាប់ផ្តើមកិច្ចប្រជុំ នៃគណៈកម្មាធិការប្រតិបត្ដិរបស់ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនហៅកាត់ថា UNHCR នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រាប់អ្នកចូលរួមតាមរយៈខ្សែរវីដេអូថា លោកនឹងត្រូវបន្តតាមដានព្រឹត្តិការណ៍ពីចម្ងាយ ដ្បិតថាលោកតេស្តវិជ្ជមាន COVID-19។

តាមរយៈការបង្ហោះសារនៅលើ Twitter ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរូបនេះ បានលើកឡើងដូច្នេះថា «ខ្ញុំកំពុងធ្វើការទំនាក់ទំនងជាមួយគណៈកម្មាធិការប្រតិបត្តិរបស់ UNHCR ពីផ្ទះ ព្រោះខ្ញុំត្រូវនៅធ្វើចត្តាឡីស័ក បន្ទាប់ពីបានតេស្តឃើញវិជ្ជមាន COVID-19»

គួរជម្រាបថា បើតាមលោក Andrej Mahecic ដែលជាអ្នកនាំពាក្យបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា លោក Grandi បានធ្វើតេស្តឃើញវិជ្ជមាន កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ។ ហើយបន្ទាប់ពីទទួលបានលទ្ធផលភ្លាម លោក Grandi ក៏បានជូនដំណឹងទៅមនុស្សចំនួន ០៧នាក់ផ្សេងទៀត ដែលបានអង្គុយជិតលោក នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទនោះ៕