(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិនៃកោះតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃពុធនេះថា តៃវ៉ាន់បានចំណាយប្រាក់ជិត ៩០០លានដុល្លារក្នុងឆ្នាំ២០២០នេះ សម្រាប់បេសកកម្មរបស់កងទ័ពអាកាស ក្នុងនោះរួមមានទាំងការបញ្ជូនយន្ដហោះចម្បាំង ឱ្យទៅហោះតាមស្ទាក់ និងបណ្ដេញយន្ដហោះចម្បាំងចិន ចេញពីដែនអាកាសរបស់ខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។

ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួននោះ បានបង្កើនការធ្វើសកម្មភាពយោធា នៅក្បែរដែនកោះមួយនេះ ជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការគប់គិតរវាងទីក្រុងតៃប៉ិ និងសហរដ្ឋអាមេរិក។ មួយរយៈពេលចុងក្រោយនេះ ចិនផ្ទុះកំហឹងជាខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលកាន់តែបង្ហាញការគំាទ្ររឹតតែខ្លាំងចំពោះតៃវ៉ាន់ តាមរយៈការលក់អាវុធបន្ថែម ក៏ដូចជាបញ្ជូនមន្ត្រីជាន់ខ្ពស់អាមេរិក មកបំពេញទស្សនកិច្ចកោះតៃវ៉ាន់ជាហូរហែរ។ ជាក់ស្ដែងប្រតិកម្មឆ្លើយតប កាលពីប៉ុន្មានសប្ដាហ៍មុននេះ យន្ដហោះចម្បាំងចិនត្រូវបានគេរាយការណ៍ថា បានហោះចូលក្នុងដែនអាកាសតៃវ៉ាន់ជាច្រើនលើក។

ចំពោះមុខអង្គសភាតៃវ៉ាន់នៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក យិន ដេហ្វា (Yen De-fa) បានអះអាងថា កងទ័ពអាកាសតៃវ៉ាន់បានធ្វើប្រតិបត្តិការហោះស្ទាក់ និងបណ្ដេញយន្ដហោះចម្បាំងចិនចំនួន ២,៩៧២លើក នៅក្នុងឆ្នាំ២០២០នេះ ដោយចំណាយអស់ប្រាក់ជាង ៨៨៦លានដុល្លារ។ ទោះជាយ៉ាងនេះក្ដី លោក Yen បានចាត់ទុកថា សម្ពាធដែលតៃវ៉ាន់កំពុងប្រឈមមុខជាមួយចិននៅពេលនេះ គឺជាឱកាសដ៏អស្ចារ្យឱ្យយោធាតៃវ៉ាន់ពង្រឹងសមត្ថភាពខ្លួនឯង។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះតៃវ៉ាន់ បាននិងកំពុងពង្រឹងសមត្ថភាពកងទ័ពអាកាសរបស់ខ្លួន តាមរយៈការទិញយន្ដហោះចម្បាំងបន្ថែមពីអាមេរិក។ កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានអនុម័តលើការលក់យន្ដហោះចម្បាំង F-16 មានតម្លៃជាង ៨ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ ហើយកិច្ចព្រមព្រៀងទិញលក់អាវុធនេះ អាចនឹងនាំឱ្យតៃវ៉ាន់មានយន្ដហោះចម្បាំងច្រើនជាង ២០០គ្រឿង ដែលជាកងយន្ដហោះចម្បាំង F-16 ធំជាងគេបំផុតនៅអាស៊ី៕