(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៦៩១ករណីបន្ថែមទៀត ត្រូវបានរកឃើញ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើរាប់ចាប់តាំងពីផ្ទុះករណីឆ្លងជំងឺរាតត្បាតសកលនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៦៩១ករណីខាងលើ មាន ០៣ករណីជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៤នាក់បន្ថែទៀតផងដែរ។ ជាសរុប ចំនួនករណីឆ្លងនៅទូទាំងប្រទេសរហូតមកទល់ពេលនេះ មាន ១៣,៥០៤ករណី ក្នុងនោះស្លាប់ ១៤១នាក់។

នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលានេះ ក្រសួងសុខាភិបាលម៉ាឡេស៊ី ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន ៨៧នាក់បានជាសះស្បើយឡើងវិញផងដែរ។ ប្រការនេះធ្វើឲ្យករណីសកម្ម នៅទូទាំប្រទេសនាពេលបច្ចុប្បន្ន មានចំនួន ២,៩៣៦នាក់៕