(អង់ការា)៖ នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសតួកគីបានអំពាវនាវឲ្យពិភពលោក ឈរនៅខាងភាគីអាហ្សែបៃហ្សង់ ជុំវិញករណីជម្លោះនៅតំបន់ Nagorno-Karabakh ព្រមទាំងបានបង្ហាញការសង្ស័យ ជុំវិញលទ្ធភាពនៃបទឈប់បាញ់នៅក្នុងតំបន់បំបែកខ្លួនរបស់ជនជាតិភាគតិចអាមេនី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News។

ថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបាគូ នៃប្រទេសអាហ្សែបៃហ្សង់ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានលើកឡើងថា «ការដាក់ឲ្យប្រទេសទាំងពីឈរស្មើភាពគ្នានោះ មានន័យថាគឺជាការផ្តល់រង្វាន់ដល់អ្នកឈ្លានពាន។ ដូច្នេះដើម្បីយុត្តិធម៌ ពិភពលោកត្រូវតែឈរនៅខាងត្រូវ គឺប្រទេសអាហ្សែបៃហ្សង់»

ដំណើរទេស្សនកិច្ចខាងលើនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី បានចេញសេចក្តីរួមមួយ ដើម្បីអំពាវនាវឲ្យភាគីអាហ្សែបៃហ្សង់ និងអាមេនី «ឈប់បាញ់គ្នាជាបន្ទាន់» នៅក្នុងតំបន់ជម្លោះ Nagorno-Karabakh។ ប្រតិកម្មនឹងការអំពាវនាវនេះ រដ្ឋមន្ត្រីការបរទេសតួកគី បានចោទជាសំនួរថា «បានមិនអីទេ! ទុកឲ្យបទឈប់បាញ់កើតឡើង ប៉ុន្តែលទ្ធផលនឹងទៅជាយ៉ាងណា? តើពិភពលោកអាចប្រាប់ប្រទេសអាមេនី ដកខ្លួនចេញពីទឹកដីអាស៊ែបៃហ្សង់ភ្លាមៗបានទេ? តើអ្នកអាចបង្កើតដំណោះស្រាយសម្រាប់ការដកខ្លួនចេញរបស់អាមេនីបានទេ? ចម្លើយគឺ មិនអាចទេ...តាមពិតពួកគេបានអំពាវនាវដូចគ្នានេះ ជិត ៣០ឆ្នាំមកហើយ»។

គួរជម្រាបថា ប្រទេសអាមេនី និងអាហ្សែបៃហ្សង់មានភាពតាងតឹងរវាងគ្នានៅតំបន់ Nagorno-Karabakh ចាប់តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ ហើយកិច្ចចរចាសន្តិភាពត្រូវបានធ្វើឡើងកាលពីឆ្នាំ១៩៩៤ ប៉ុន្តែការប៉ះទង្គិចគ្នាតិចតួចម្តងម្កាលនៅតែបន្តកើតឡើង។ តំបន់ Nagorno-Karabakh បើតាមច្បាប់អន្តរជាតិ គឺស្ថិតនៅក្នុងផែនទីនៃប្រទេសអាហ្សែបៃហ្សង់ ប៉ុន្តែការពិតជាក់ស្តែងនោះ ដែនដីស្វយ័តដែលមានជនជាតិដើមអាមេនីរស់នៅច្រើនបំផុតនេះ បានតាំងខ្លួនឯងជាសាធារណរដ្ឋ និងទទួលជំនួយពីប្រទេសអាមេនី៕