(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ជាង ៦,៦៨៥,០០០ករណីហើយ ខណៈអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃត្រូវបានគេមើលឃើញថា មានសភាពធូរស្រាលបន្តិចវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួនជាង ៦១,២០០ករណីបន្ថែម ខណៈអ្នកស្លាប់មានចំនួន ៨៨៤នាក់ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេលដូចគ្នាផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ជាង ១០៣,៥០០នាក់។ ចំណែកឯអ្នកជម្ងឺសរុបចំនួន ៩១៩,០២៣នាក់ទៀត កំពុងបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅឡើយ ខណៈអ្នកជាសះស្បើយសរុបមានចំនួន ៥,៦៦២,៤៩០នាក់។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ ICMR បានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ៨១,០៧១,៧៩៧នាក់នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សចំនួន ១,០៩០,៤០៣នាក់ត្រូវបានធ្វើតេស្ត នៅក្នុងថ្ងៃចន្ទម្សិលមិញនេះ៕