(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែមានបំណងចូលរួមក្នុងវេទិកាតស៊ូមតិលើកទី២ ជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យ លោក ចូ បៃដិន ក្នុងទីក្រុង Miami រដ្ឋផ្ល័ររីដា។ នេះបើតាមអ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក អ្នកនាំពាក្យ និងជាប្រធានទំនាក់ទំនងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ លោក Tim Murtaugh បានគូសបញ្ជាក់យ៉ាងខ្លី ដូច្នេះថា៖ «វាគឺជាបំណងរបស់លោកប្រធានាធិបតី ដែលចង់ចូលរួមក្នុងវេទិកាតស៊ូមតិ»។ លោក Tim Murtaugh លើកឡើងបែបនេះ បន្ទាប់ពីលោក ត្រាំ ផ្ទាល់ប្រកាសថា លោកនឹងត្រឡប់ទៅដឹកនាំការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតវិញ ក្នុងពេលឆាប់ៗនេះ ក្រោយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅកាន់សេតវិមាន ជាទីដែលលោកត្រូវទទួលការតាមដានសុខភាពជាបន្ត។ លោក ត្រំា បានតេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃទី០២ ខែតុលា។

គួរជម្រាបថា វេទិការតស៊ូមតិលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលានេះ ក្នុងទីក្រុង Miami នៃរដ្ឋផ្ល័ររីដា៕