(បរទេស)៖ ជម្លោះទឹកដីនៃតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) បានក្លាយជាសមរភូមិប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម រវាងប្រទេសជិតខាងចំនួនពីរ នោះគឺអាហ្សែបៃហ្សង់ និងអាមេនី អស់រយៈពេលរាប់ទសវត្សរ៍កន្លងមកនេះ។ បច្ចុប្បន្នជម្លោះនេះដែលទើបតែផ្ទុះឡើងជាថ្មី អស់ពេលជាង២សប្ដាហ៍មកនេះ ហាក់ដូចជាមិនមានសញ្ញាធូរស្រាលឡើយ ខណៈអន្តរជាតិមានការព្រួយបារម្ភកាន់តែខ្លាំងថា វាអាចនឹងផ្ទុះទៅជាសង្រ្គាមពេញលេញតែម្ដង។ សហគមន៍អន្តរជាតិរួមទាំងមហាអំណាចនានាក្នុងតំបន់ ជាពិសេសរុស្ស៊ី និងតួកគីបានស្នើឱ្យប្រទេសទាំង ២ ត្រឡប់មករកតុចរចាវិញ ប៉ុន្តែទាំងអាហ្សែបៃហ្សង់ និងអាមេនី នៅតែប្រកាន់ជំហរតឹងរ៉ឹងរៀងៗខ្លួន អំពីសិទ្ធិគ្រប់គ្រងដែនដី Nagorno-Karabakh។

ប្រធានាធិបតីអាហ្សែបៃហ្សង់ លោក អ៉ីលហាម អាលីយ៉េវ (Ilham Aliyev) បានបញ្ជាក់ជាថ្មីថា អាមេនី និងកងទ័ពរបស់ប្រទេសនេះ ចាំបាច់ត្រូវតែដកចេញតំបន់ Nagorno-Karabakh នោះទើបអាចបញ្ចប់សង្រ្គាម និងជម្លោះនានាបាន ស្របពេលអាមេនីនៅតែបង្ហាញពីគោលជំហរតឹងរ៉ឹង ដោយមិនព្រមចុះញមនោះឡើយ។

នៅក្រោមច្បាប់អន្តរជាតិ តំបន់ Nagorno-Karabakh ត្រូវបានទទួលស្គាល់ថា ជាផ្នែកមួយនៃទឹកដីអាហ្សែបៃហ្សង់ និងស្ថិតក្នុងផែនទីប្រទេសអាហ្សែបៃហ្សង់។ ប៉ុន្តែដោយសារតែនៅទីនោះ មានជនជាតិអាមេនីរស់នៅច្រើន ពួកគេបានប្រកាសចាត់ទុកតំបន់នេះជាតំបន់ស្វយ័ត និងបង្កើតជាសាធារណរដ្ឋរបស់ពួកគេ ក្រោមការគាំទ្រពីរដ្ឋាភិបាលអាមេនី។ កងទ័ពអាហ្សែបៃហ្សង់ត្រូវបានបណ្ដេញពីតំបន់នេះ នៅក្នុងសង្រ្គាមកាលពីអំឡុងទសវត្សរ៍១៩៩០។

១៖ ចំណុចគួរស្វែងយល់អំពីអាមេនី និងអាហ្សែបៃហ្សង់

* ប្រទេសអាហ្សែបៃហ្សង់

អាហ្សែបៃហ្សង់ ឬមានឈ្មោះផ្លូវការថា «សាធារណរដ្ឋអាហ្សែបៃហ្សង់» និងមានរដ្ឋធានីឈ្មោះបាគូ (Baku) រីឯលោក អ៉ីលហាម អាលីយ៉េវ (Ilham Aliyev) គឺជាប្រធានាធិបតីដឹកនាំរដ្ឋាភិបាល។ អាហ្សែបៃហ្សង់ មានប្រជាជនសរុបជាង ៩.៧លាននាក់ និងមានផ្ទៃដី ៨៦,៦០០គីឡូម៉ែត្រក្រឡា។ ប្រទេសនេះមានព្រំដែនជាប់ប្រទេសរុស្ស៊ី, អាមេនី, ផ្នែកមួយចំនួនតូចជាប់តួកគី និងអ៉ីរ៉ង់ រួមទាំងជាប់សមុទ្រកាសព្យែន (Caspian Sea)។ អាហ្សែរបៃហ្សង់ក្លាយជារដ្ឋឯករាជ្យក្នុងឆ្នាំ១៩១៨ ក្រោយអាណាចក្រអូតូម៉ង់ដួលរលំ តែបែរជាត្រូវស្ថិតនៅក្រោមសហភាពសូវៀត។ រហូតដល់ក្រោយសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៩១ ទើបប្រទេសនេះមានឯករាជ្យជាផ្លូវការ។

* ប្រទេសអាមេនី

អាមេនីមានឈ្មោះផ្លូវការ «សាធារណរដ្ឋអាមេនី»។ ប្រទេសនេះមានរដ្ឋធានីឈ្មោះ យេរេវ៉ាន (Yerevan) និងមានលោក នីកូល ប៉ាស៊ីយ៉ាន (Nikol Pashinyan) ជានាយករដ្ឋមន្ត្រី (ដឹកនាំរដ្ឋាភិបាល) រីឯលោក អាមែន សាសយ៉ាន (Armen Sargsyan) ជាប្រធានាធិបតី (ប្រមុខរដ្ឋ)។ ប្រទេសអាមេនីមានប្រជាជនសរុប ២.៩លាននាក់ និងផ្ទៃដីសរុប ២៩,៧៤៣គីឡូម៉ែត្រក្រឡា។ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសហ្ស៊កហ្ស៊ី, អាហ្សែរបៃហ្សង់, តួកគី និងអ៉ីរ៉ង់ ហើយគ្មានសមុទ្រឡើយ។ ប្រទេសអាមេនីក្លាយជារដ្ឋឯករាជ្យក្នុងឆ្នាំ១៩១៨ ក្រោយអាណាចក្រអូតូម៉ង់ដួលរលំ តែបែរជាត្រូវស្ថិតនៅក្រោមសហភាពសូវៀត។ រហូតក្រោយសូវៀតដួលរលំនៅឆ្នាំ១៩៩១ ទើបប្រទេសនេះមានឯករាជ្យផ្លូវការ។

២៖ ជម្លោះចាស់វស្សា

តំបន់ឈ្មោះ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) មានទំហំផ្ទៃដីជាង ៤,៤០០គីឡូម៉ែត្រក្រឡា បានក្លាយជាចំណុចកណ្ដាលនៃជម្លោះរវាងអាហ្សែបៃហ្សង់ និងអាមេនីចាប់តាំងពីឆ្នាំ១៩១៨ មកម្ល៉េះ ពោលគឺនៅពេលដែលប្រទេសទាំងពីរនេះ ក្លាយជារដ្ឋឯករាជ្យចេញពីចក្រភពរុស្ស៊ី។

នៅដើមឆ្នាំ១៩២០ ច្បាប់ និងការគ្រប់គ្រងនៃអតីតសហភាពសូវៀត ត្រូវបានដាក់ឱ្យអនុវត្តលើតំបន់ ខូខាសឹស (Caucasus) ភាគខាងត្បូង ហើយតំបន់ Nagorno-Karabakh ដែលមានប្រជាជនអាមេនីរស់នៅភាគច្រើន បានក្លាយជាតំបន់ស្វយ័ត នៅក្នុងទឹកដីនៃអតីតសាធារណរដ្ឋមួយក្នុងសហសូវៀត នោះគឺអាហ្សែបៃហ្សង់។ ប៉ុន្តែជាច្រើនទសវត្សរ៍ក្រោយមក គឺនៅពេលសហភាពសូវៀតចាប់ផ្ដើមរង្គោះរង្គើរ តំបន់ Nagorno-Karabakh មួយនេះបានស្ថិតនៅក្រោមការគ្រប់គ្រង ដោយផ្ទាល់របស់រដ្ឋាភិបាលអាហ្សែបៃហ្សង់។ តែព្រមពេលជាមួយគ្នាជនជាតិដើមភាគតិចអាមេនី មិនព្រមស្ថិតនៅក្រោមការគ្រប់គ្រង ពីអាជ្ញាធរអាហ្សែបៃហ្សង់នោះឡើយ។

ក្នុងឆ្នាំ១៩៨៨ សភានៃតំបន់ Nagorno-Karabakh បានបោះឆ្នោតបង្រួបបង្រួមជាមួយសាធារណរដ្ឋអាមេនី ខណៈអតីតសាធារណរដ្ឋសូវៀតអាហ្សែបៃហ្សង់ និងទីក្រុងម៉ូស្គូបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តមួយនេះ។ តមកទៀតក្រោយសូវៀតដួលរលំក្នុងឆ្នាំ១៩៩១ ក្រុមឧទ្ទាមបំបែករដ្ឋ Yerevan គាំទ្រដោយអាមេនី បានវាយយកទឹកដី ដែលមានប្រជាជនអាហ្សែបៃហ្សង់ភាគតិចរស់នៅ នៅតាមតំបន់ចំនួន ០៧ផ្សេងទៀត ដែលស្ថិតនៅក្រោមឧបសម្ព័ន្ធនៃប្រទេសអាហ្សែបៃហ្សង់។

មនុស្សយ៉ាងហោច ៣០,០០០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការវាយប្រយុទ្ធគ្នានេះ។ ទោះជាបីជាមានការអំពាវនាវពីអន្តរជាតិ ឱ្យមានបទឈប់បាញ់ក្នុងឆ្នាំ១៩៩៤ក៏ដោយ ក៏កិច្ចចរចាសន្តិភាពនៅតែបន្តជាប់គាំង មិនអាចរកច្រកចេញរហូតមកទល់សព្វថ្ងៃ ហើយការវាយប្រយុទ្ធគា្នក៏ចេះតែកើតឡើងជារឿយៗផងដែរ នៅជុំវិញតំបន់ Nagorno-Karabakh និងតំបន់ព្រំដែនរវាងអាហ្សែបៃហ្សង់ និងអាមេនី។ ជាក់ស្ដែងក្នុងខែមេសា ឆ្នាំ២០១៦ មនុស្សរាប់សិបនាក់នៃភាគីទាំង ២ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងតំបន់មួយនេះ ខណៈជម្លោះសព្វថៃ្ងនៅតែបន្តឡើងកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ។

៣៖ ប្រៀបធៀបកម្លាំងយោធារវាងប្រទេសទាំងពីរ

* កម្លាំងយោធានៃប្រទេសអាហ្សែបៃហ្សង់

ប្រទេសអាហ្សែបៃហ្សង់តែងតែទទួលបាន ការគំាទ្រយ៉ាងពេញទំហឹងពីតួកគី។ អាហ្សែបៃហ្សង់ បានចំណាយលើកញ្ចប់ថវិកាយោធា ២.៧៣ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប (GDP)។ អាហ្សែបៃហ្សង់មានកងទ័ពសកម្ម ៦៦,៩៤០នាក់ និងទ័ពបម្រុង ៣០០,០០០នាក់ ហើយប្រជាជនដែលសក្តិសមបម្រើទ័ពមានជាង ៣លាននាក់។ និយាយពីសព្វាវុធវិញ អាហ្សែបៃហ្សង់ មានរថក្រោះ៦៦៥គ្រឿង, រពាសដែក ១,៦៣៧គ្រឿង, កាំភ្លើងធំសរុប ៧៤០ដើម, យន្ដហោះចម្បាំងសរុប២១៧គ្រឿង, ឧទ្ធម្ភាគចក្រ៧៥គ្រឿង, នាវាចម្បាំង៣១ ព្រមទាំងគ្រឿងនាវាមុជទឹក៤គ្រឿង។

* កម្លាំងយោធានៃប្រទេសអាមេនី

ប្រទេសអាមេនីមានខ្នងបង្អែកដ៏ធំនោះគឺរុស្ស៊ី ប៉ុន្តែរុស្ស៊ីក៏ជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយហ្សែបៃហ្សង់ក្នុងពេលតែមួយដូចគ្នា។ ហេតុដូច្នេះទើបបច្ចុប្បន្ននេះ រុស្ស៊ីកំពុងប្រឹងប្រែងណែនាំឲ្យប្រទេសទាំងពីរឈប់ឈ្លោះគ្នា និងបង្កើតបទឈប់បាញ់។ អាមេនីចំណាយលើកញ្ចប់ថវិកាយោធា ០.៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ អាមេនីកងទ័ពសកម្ម ៤៥,០០០នាក់, ទ័ពបម្រុង ២១០,០០០នាក់ និងមានប្រជាជនសក្តិសមបម្រើយោធា ៨០៩,៥៧៦នាក់។ និយាយពីសព្វាវុធវិញ អាមេនីមានរថក្រោះ ៥២៩គ្រឿង និងរថពាសដែក ១,០០០គ្រឿង ខណៈកាំភ្លើងធំសរុប ២៩៣ដើម, យន្ដហោះចម្បាំង ៦៥គ្រឿង និងឧទ្ធម្ភាគចក្រ ៤២គ្រឿង។ ដោយសារតែប្រទេសនេះមិនមានព្រំទល់ជាប់សមុទ្រ ដូច្នេះអាមេនីមិនមានកងទ័ពជើងទឹកនោះឡើយ។

គួរបញ្ជាក់ថា បើតាមការស្វែងយល់អំពីដើមចមនៃជម្លោះខាងលើនេះ ប្រទេសអាមេនី និងអាហ្សែបៃហ្សង់ អាចនឹងពិបាកនៅក្នុងការដោះស្រាយបញ្ហាជាមួយគ្នា ព្រោះថាទឹកដី Nagorno-Karabakh ស្ថិតនៅក្នុងផែនដីអាហ្សែបៃហ្សង់ស្របច្បាប់ ប៉ុន្តែបែរជាតាំងឋានៈខ្លួនឯងជាសាធារណរដ្ឋ ដោយយកប្រទេសអាមេនីជាអាណាព្យាបាលពីក្រោយខ្នង ព្រោះតែតំបន់នោះ​មានជនជាតិដើមអាមេនីរស់នៅច្រើនទៅវិញ។ ហេតុដូច្នេះអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ មានតែប្រឹងប្រែងបញ្ចុះបញ្ចូលឲ្យភាគីជម្លោះទាំងអស់នេះ ងាកទៅរកតុចរចា និងបង្កើតបទឈប់បាញ់ជាផ្លូវការមួយ ទើបជម្លោះបែងចែកទឹកដីនេះ អាចបន្តរកច្រកចេញទៅមុខទៀតដោយសន្តិវិធី៕

ប្រភព៖ BBC (ថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០)