(វ៉ាស៊ីនតោន)៖ សេតវិមាននៃប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបិទខ្ទប់គោលការណ៍ណែនាំថ្មីមួយរបស់ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ស្ដីពីការនាំចេញវ៉ាក់សាំង COVID-19 ទៅកាន់ទីផ្សារ ដែលមានបំណងរារាំងការអនុម័តវ៉ាក់សាំង មុនការបោះឆ្នោតការបោះឆ្នោតប្រធានាធិបតី ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។

គោលការណ៍ណែនាំថ្មីរបស់ FDA មានបំណងស្នើឱ្យអ្នកចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំង COVID-19 គួរតែស្ថិតនៅក្រោមការពិនិត្យតាមដានរយៈពេល ០២ខែបន្ថែមទៀត ដើម្បីធានាថាវ៉ាក់សាំងពិតជាប្រសិទ្ធភាព និងសុវត្ថិភាព។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បានឱ្យដឹងថា សេតវិមានបានបិទខ្ទប់គោលការណ៍ណែនាំនេះ ព្រោះមិនមានហេតុផលតាមរយៈធ្វើតេស្ដ ឬវេជ្ជសាស្ត្រណាមួយ ដើម្បីអូសបន្លាយ ឬបន្ថែមនិតិវិធីតាមដាននោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោក ស្ទេហ្វិក ហាន (Stephen Hahn) ជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានលើកឡើងថា ការសម្រេចចិត្តណាមួយលើវ៉ាក់សាំង ត្រូវធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រ មិនមែនអ្នកនយោបាយនោះទេ ខណៈលោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងជារឿយៗថា វ៉ាក់សាំង COVID-19 អាចនឹងរួចរាល់នៅចុងឆ្នាំ២០២០នេះ។ លោក Hahn បន្ថែមថា FDA នឹងគិតគូរពីផលប្រយោជន៍ សម្រាប់ប្រជាជនអាមេរិកមុនអ្វីៗទាំងអស់៕