(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បាននិយាយថា គណៈកម្មាធិការវ៉ាក់សាំងជាតិ គ្រោងនឹងចំណាយថវិកាចំនួន ២.៩៣ពាន់លានបាត ឬប្រហែលស្មើនឹង ៩៣.២៥លានដុល្លាអាមេរិក ដើម្បីទិញវ៉ាក់សាំង COVID-19 ចំនួន ៦៦លានដូស នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។

លោកស្រី Panprapa Yongtrakul អ្នកនាំពាក្យ នៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 បានសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំង ៦៦លានដូស ដែលគ្រោងនឹងទិញនេះ នឹងគ្រប់ដណ្តប់លើប្រជាជនថៃចំនួន ៣៣លាននាក់ ឬប្រហាក់ប្រហែលស្មើរនឹង ៥០% នៃចំនួនប្រជាជនសរុប។

អ្នកនាំរូបនេះបានគូសបញ្ជាក់បន្ថែមថា គណៈកម្មាធិការវ៉ាក់សាំងជាតិ បានសម្រេចកក់វ៉ាក់សាំងទាំងនោះ តាមវិធីពីរយ៉ាង។ ទីមួយធ្វើឡើងតាមរយៈកម្មវិធីផ្តួចផ្តើមដោយអង្គការសុខាភាពពិភពលោក ដែលហៅថា យុទ្ធនាការ Covax។ ចំណែកឯកញ្ចប់ទីពីរ គឺធ្វើឡើងតាមរយៈការចុះកុងត្រាជាមួយក្រុមហ៊ុនផលិតឱសថចំនួន ១០ នៅសហរដ្ឋអាមេរិក ចិន អង់គ្លេស និងរុស្ស៊ី។ ទោះជាយ៉ាងណា ថវិកាប្រមាណជាង ៩៣លានដុល្លាអាមេរិក សម្រាប់ទិញវ៉ាក់សាំងខាងលើ នៅត្រូវការការយល់ព្រមពីគណៈរដ្ឋមន្រ្តីជាមុនសិន ដែលនឹងសំរេចថាតើថវិកាទាំងនោះ ត្រូវយកចេញពីថវិកាជាតិ ឬប្រាក់កម្ចីរបស់រដ្ឋាភិបាល។

គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣,៥៩០ករណី ក្នុងនោះស្លាប់ ៥៩នាក់ និងជាសះស្បើយ ៣,៣៩០នាក់៕