(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) បានធ្វើដំណើរចេញពីមន្ទីរពេទ្យយោធា វ៉លធើ រីដ (Walter Reed) ស្ថិតក្នុងទីក្រុង បេធេស្តា (Bethesda) រដ្ឋម៉ារីលែនដ៍ (Maryland) ជាកន្លែងដែលលោកកំពុងទទួលការព្យាបាលជំងឺ COVID-19 មួយរយៈពេលខ្លី ដោយលោកបានជិះក្នុងរថយន្តមួយគ្រឿង រួចលើកដៃគ្រវីដាក់អ្នកគាំទ្ររបស់លោក ដែលប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីរពេទ្យ។ ទង្វើរបស់លោកប្រធានាធិបតីបែបនេះ បានបង្កឱ្យមានការរិះគន់ពីសំណាក់សហគមន៍វេជ្ជសាស្រ្តយ៉ាងចាស់ដៃ ដោយពួកគេចាត់ទុកថា លោក ត្រាំ កំពុងតែធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ត្រូវបានគេថតវីដេអូជាប់ដោយឃើញលោកបានពាក់ម៉ាស និងលើកដៃគ្រវីដាក់អ្នកគាំទ្រ ដោយអង្គុយនៅកៅអីផ្នែកខាងក្រោយនៃរថយន្ត SUV ពណ៌ខ្មៅ ស្របពេលអ្នកគាំទ្រកំពុងស្រែកហ៊ោ ដោយលើកគ្រវីទង់ជាតិអាមេរិក និងបដាគាំទ្រលោកនៅខាងក្រៅ មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិអាមេរិក Walter Reed។

ជាមួយព្រឹត្តិការណ៍បែបនេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបានត្អូញត្អែរថា ការធ្វើដំណើរចេញបែបនេះបានរំលោភលើគោលការណ៍ណែនាំ ស្តីពីសុខភាពសាធារណៈរបស់រដ្ឋាភិបាលខ្លួនលោកផ្ទាល់ ដែលតម្រូវឱ្យអ្នកជំងឺញែកខ្លួនចេញពីសហគមន៍ ខណៈពួកគេកំពុងតែទទួលការព្យាបាល ព្រោះវាអាចនឹងចម្លងរោគ COVID-19 នេះទៅអ្នកដទៃបាន។

ជំនួយការសាស្រ្តាចារ្យផ្នែកសង្គ្រោះបន្ទាន់ នៃសកលវិទ្យាល័យវេជ្ជសាស្រ្ត ចច វ៉សស៊ីងតុន (George Washington) លោក ចេមស៍ ហ្វីលីពស៍ (James Phillips) បានសរសេរសារបង្ហោះនៅលើគណីបណ្ដាញសង្គម Twitter របស់លោកថា «មនុស្សទាំងអស់ដែលនៅក្នុងរថយន្ត ក្នុងអំឡុងពេលបើកបរប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាំបាច់ត្រូវតែធ្វើចត្តាឡីស័យរយៈពេល ១៤ថ្ងៃ។ ពួកគេអាចនឹងឈឺ... ពួកគេអាចនឹងស្លាប់... ដោយសារឆាកល្ខោននយោបាយ ដែលត្រូវបានបញ្ជាដោយលោក ត្រាំ ដែលធ្វើឱ្យជីវិតរបស់ពួកគេ ប្រឈមនឹងហានិភ័យខ្ពស់ក្នុងឆាកល្ខោនដ៏ឆ្កួតលីលានេះ»

ប្រធាននាយកដ្ឋាននៃក្រមសីលធម៌វេជ្ជសាស្ត្រ និងគោលនយោបាយសុខភាពនៃសាកលវិទ្យាល័យ ភែនស៊ីលវេនៀ (Pennsylvania) លោក ហ្សេក អ៊ីម៉ានូអែល (Zeke Emanuel) ក៏បានពណ៌នាអំពីព្រឹត្តិការណ៍នេះថា «ជារឿងគួរឱ្យអាម៉ាស់ណាស់ ដែលបង្ខំឱ្យភ្នាក់ងារសេវាកម្មសម្ងាត់របស់លោក បើកបរជាមួយអ្នកជម្ងឺ COVID-19 ដែលធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការឆ្លងមេរោគនេះ»

គួរបញ្ជាក់ថា អ្នកជម្ងឺដែលធ្វើតេស្តវជ្ជមានចំពោះ COVID-19 ជាទូទៅត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃដែលជារយៈពេលបង្ករោគធម្មតានៃវីរុសកូរ៉ូណា (COVID-19) នេះ ដើម្បីចៀសវាងចម្លងរោគទៅអ្នកដទៃ។ ជម្ងឺនេះបានសម្លាប់ប្រជាជនអាមេរិកជាង ២០ម៉ឺននាក់ហើយ ខណៈការឆ្លងទៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃផងដែរ ដែលធ្វើឲ្យចំនួនឆ្លងសរុបនៅសហរដ្ឋអាមេរិកកើនដល់ជាង ៧.៦លាននាក់៕