(វ៉ាស៊ីនតោន)៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថា បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បាននាំមុខលោក ដូណាល់ ត្រាំ ដល់ទៅ ១០ពិន្ទុនៅក្នុងដំណើរការប្រកួតប្រជែង ដើម្បីឈានទៅដណ្ដើមតំណែងជាប្រធានាធិបតីអាមេរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានឆ្លងជំងឺ COVID-19 និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Hill នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។

បើតាមការស្ទង់មតិធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters សហការជាមួយស្ថាប័ន Ipsos ចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាជនអាមេរិកដែលត្រូវបានសាកសួរ ៥១ភាគរយ បង្ហាញគាំទ្រចំពោះលោក ចូ បៃដិន ខណៈ៤១ភាគរយប៉ុណ្ណោះគាំទ្រលោក ដូណាល់ ត្រាំ។ ការស្ទង់មតិនេះក៏បានរកឃើញផងដែរថា ប្រជាជនអាមេរិកភាគច្រើននៅតែមិនពេញចិត្ត ចំពោះការដោះស្រាយវិបត្តិ COVID-19 របស់រដ្ឋបាលលោក ត្រាំ ដោយក្នុងនោះមានរហូតដល់ ៥៧ភាគរយមិនពេញចិត្ត ដែលអត្រានេះបានកើនឡើង ៣ភាគរយបន្ថែមទៀតក្រោយលោក ត្រាំ ឆ្លងកូវីដ-១៩ទៅទៀត។

ចំណែកឯប្រជាជនអាមេរិកដែលត្រូវបានសាកសួររហូតដល់ទៅ ៦៥ភាគរយបាននិយាយថា បើសិនជាលោក ដូណាល់ ត្រាំ យកចិត្តទុកដាក់ខ្ពស់ពីបញ្ហារបស់ COVID-19 នោះលោកខ្លួនឯងនឹងមិនអាចឆ្លងជំងឺនេះឡើយ។

គួរជម្រាបថា បើតាមការស្ទង់មតិខាងលើដដែល ក្នុងចំណោមប្រជាជនអាមេរិកដែលត្រូវបានសាកសួរមាន ៣៤ភាគរយប៉ុណ្ណោះបាននិយាយថា ពួកគេជឿជាក់លោកប្រធានាធិបតី ត្រាំ បាននិយាយការពិតពី COVID-19 ខណៈ៥៥ភាគរយយល់ថា លោក ត្រាំ បាននិយាយមិនពិត និង ១១ភាគរយទៀតជាអ្នក ដែលមិនមានភាពច្បាស់លាស់។ ការស្ទង់មតិនេះត្រូវបានធ្វើឡើង តាមរយៈការសាកសួរប្រជាជនអាមេរិក ១,០០៥នាក់នៅចន្លោះពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែតុលា គឺក្រោយពេលដែលលោក ត្រាំ បានប្រកាសថាខ្លួនលោកឆ្លងជំងឺ COVID-19៕