(វីយែន)៖ ប្រទេសឥណ្ឌា និងអាហ្រ្វិកខាងត្បូងបានស្នើឱ្យ អង្គការពាណិជ្ជកម្មពិភពលោកហៅកាត់ថា WTO (World Trade Organization) លើកលែងច្បាប់កម្មសិទ្ធិបញ្ញាខ្លះៗ ដើម្បីបង្កភាពងាយស្រួលដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ក្នុងការផលិត ឬនាំចូលថ្នាំព្យាបាល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។

នៅក្នុងលិខិតមួយចុះថ្ងៃទី0២ ខែតុលា ប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងចង់សំដៅទៅលើការអនុគ្រោះផ្នែកខ្លះៗ នៃកិច្ចព្រមព្រៀងស្ដីពីកម្មសិទ្ធិបញ្ញា (Trade-Related Aspects of Intellectual Property Rights ឬ TRIPS) ដែលគ្រប់គ្រងលើប័ណ្ណប៉ាតង់, ម៉ាកសញ្ញាពាណិជ្ជកម្ម, សិទ្ធិផ្ដាច់មុខ និងកម្មសិទ្ធិបញ្ញាដទៃៗទៀត។ លិខិតដដែលបានបន្ថែមទៀតថា បណ្ដាប្រទេសកំពុងអភិវឌ្ឍរងផលប៉ះពាល់ពី COVID-19 មិនស្មើគ្នានោះទេ ដូច្នេះកម្មសិទ្ធិបញ្ញាក្នុងនោះរួមមានទាំងប័ណ្ណប៉ាតង់ផងដែរ អាចនឹងក្លាយជាឧបសគ្គរារាំង ដល់ការទទួលបានថ្នាំប្រកបដោយតម្លាភាព។

ទោះជាយ៉ាងនេះក្ដីគេមិនទាន់ដឹងថា តើប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូង ទទួលបានការគាំទ្រពីបណ្ដាប្រទេសដទៃទៀត ឬក៏យ៉ាងណានោះទេ ខណៈពិភពលោកកំពុងស្ថិតនៅក្នុង ការប្រកួតប្រជែងផលិតវ៉ាក់សាំង COVID-19 ហើយការស្នើសុំការអនុគ្រោះនេះ ក៏មិនបានកំណត់ពីពេលវេលាជាក់លាក់នោះដែរ។ ឥណ្ឌាគឺជាប្រទេសកំពុងរងគ្រោះដោយសារជំងឺ COVID-19 លំដាប់លេខ ១ នៅទ្វីបអាស៊ី ខណៈអាហ្វ្រិកខាងត្បូងវិញគឺឈរលលំដាប់លេខ ១ នៅទ្វីបអាហ្វ្រិក ហើយទាំងពីរនេះក៏ជាប្រទេសផលិត និងចែកចាយថ្នាំពេទ្យចម្បងៗរបស់ពិភពលោកផងដែរ៕