(ម៉ានីឡា)៖ អាជ្ញាធរសុខាភិបាលរបស់ប្រទេសហ្វីលីពីន នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗបន្ថែម ចំនួន ៣,១៩០ករណី ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត រាប់ចាប់តាំងពីថ្ងៃទី២១ ខែកញ្ញាមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង ហ្វីលីពីនក៏បានកត់ត្រាករណីស្លាប់ថ្មីៗជាង ១០០នាក់ បន្ថែមទៀតផងដែរ ដែលជាអត្រាស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ១៤ កញ្ញាមក។ បច្ចុប្បន្ន ហ្វីលីពីនដែលកំពុងឈរនៅលើកំពូលតារាង នៃប្រទេសដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតប្រចាំតំបន់ បានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ៣២២,៤៩៧នាក់ ក្នុងនោះ ៥,៧៧៦នាក់ស្លាប់ និង ២៧៣,០៧៩នាក់បានជាសះស្បើយឡើងវិញ៕