(វ៉ាស៊ីនតោន)៖ លទ្ធផលតេស្ដវិជ្ជមាន COVID-19 របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន និងកំពុងបង្កឱ្យការព្រួយបារម្ភកាន់តែច្រើនឡើងពីស្ថានភាពសុខភាពរបស់ លោក លាយឡំជាមួយការសង្ស័យសម្រាប់មជ្ឈដ្ឋានមួយចំនួន ជាពិសេសនៅក្នុងចំណោមអ្នកលេង Twitter និង Facebook ក្នុងសហរដ្ឋអាមេរិក។ ការសង្ស័យទាំងនោះរួមមាន ថាតើការបោះឆ្នោត, យុទ្ធនាការឃោសនាបោះឆ្នោត រួមទាំងវេទិកាតស៊ូមតិលើកទី២ រវាងលោក ត្រាំ និងលោក ចូ បៃដិន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលានេះ នឹងត្រូវពន្យារពេល ឬលុបចោល ឬក៏យ៉ាងណា?

កាន់តែពិសេសទៅទៀតនោះ ក៏មានមជ្ឈដ្ឋានមួយចំនួនតូចសង្ស័យដែរថាការឆ្លង COVID-19 គឺជាផែនការត្រូវបានរៀបចំទុកជាមុន ដើម្បីប្រើវាជាលេសពន្យារពេលបោះឆ្នោត និងលុបចោលវេទិកាតស៊ូមតិ ខណៈលោកត្រាំ កំពុងចាញ់លោក បៃដិន នៅក្នុងការស្ទង់មតិថ្នាក់ជាតិ។ ការយល់ឃើញបែបនេះដោយសារតែពួកគេអះអាងថាលោក ត្រាំ បាន ធ្លាប់ភូតកុហក និងនិយាយដោយគ្មានភស្ដុតាងពីការឆ្លង COVID-19 នាពេលកន្លងទៅមក។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cornell University បានចេញផ្សាយការ សិក្សាថ្មីមួយនៅក្នុងសប្ដាហ៍នេះ ដោយបង្ហាញថាលោក ត្រាំ គឺជាកត្តាដ៏ចម្បងតែមួយគត់នៃការផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កឱ្យមានការយល់ច្រឡំជុំវិញ COVID-19។

តែទោះជាបែបនេះក្ដី វាគ្មានភស្ដុតាងបញ្ជាក់ថាលោក ត្រាំ កំពុងកុហកពីការឆ្លង COVID-19 ហើយម្យ៉ាងវិញទៀត មិនមែនមានតែលោកនោះទេ ដែលត្រូវបានតេស្ដវិជ្ជមានសូម្បីតែ ភរិយារបស់លោក, មន្ត្រីជាន់ខ្ពស់សេវិមាន និងសមាជិកព្រឹទ្ធសភាអាមេរិកនៃបក្សសាធារណរដ្ឋដទៃ ជាច្រើននាក់ក៏បានឆ្លងជំងឺនេះក្នុងថ្ងៃតែមួយជាមួយលោកដែរ។ អ្វីដែលគេចង់ ដឹងបំផុតនៅពេលនេះ នោះគឺថាតើលោក ត្រាំ អាចនឹងត្រូវចំណាយពេលយូរប៉ុណ្ណាក្នុងការព្យាបាល រីឯស្ថានភាពសុខភាពរបស់លោកវិវត្តដល់ណា ហើយរឹតតែសំខាន់ថាតើលោក អាចចាប់ឱកាសកែខៃស្ថានការណ៍ឡើងវិញបានដែរឬទេ ខណៈការបោះឆ្នោតសល់តែជាង១ខែទៀតប៉ុណ្ណោះ នៅចូលមកដល់ (ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០)។

*ស្ថានភាពបច្ចុប្បន្នរបស់លោក ដូណាល់ ត្រាំ

កាលពីថ្ងៃសុក្រកន្លងទៅ សេតវិមាន និងវេជ្ជបណ្ឌិតរបស់លោក ត្រាំ គឺលោក Sean Conley បានបង្ហើបព័ត៌មានផ្ទុយគ្នាពីស្ថានភាពលោកប្រធានាធិបតីអាមេរិក ដោយលោក Conley បញ្ជាក់ថាលោក ត្រាំ មានសុខភាព និងអារម្មណ៍ល្អធម្មតា ហើយមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។ ចំណែកឯ មន្ត្រីសេតវិមាននៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាលោក ត្រាំ បានពាក់អុកស៊ីសែនជំនួយការដកដង្ហើមកាលពីថ្ងៃសុក្រ ហើយថែមទាំងព្រមានដែរថាលោក ត្រាំ អាចនឹងស្ថិតនៅក្នុងស្ថានភាព ធ្ងន់ធ្ងរក្នុងរយៈពេល៤៨ម៉ោងខាងមុខនេះ។ លោក ត្រាំ មានអាយុ៧៤ឆ្នាំ ដែលជាវ័យប្រឈមមុខនឹងអត្រាគ្រោះថ្នាក់ខ្ពស់ នៅក្នុងករណីដែលរោគសញ្ញាវិវត្តទៅជាជំងឺផ្លូវដង្ហើម។

ក៏ប៉ុន្តែនៅព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានចេញមុខបញ្ជាក់ដោយផ្ទាល់នៅក្នុងវីដេអូមួយមានរយៈពេល៤នាទី ចេញពីមន្ទីរពេទ្យ Walter Reed National Military Medical Center ថាលោកមានសុខភាព និងអារម្មណ៍ល្អធម្មតា ហើយ សង្ឃឹមថានឹងជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗនេះ។ «នៅកំឡុងប៉ុន្មានថ្ងៃមុខទៀត ខ្ញុំអាច និយាយបានថាវាគឺជាការធ្វើតេស្ដពិតប្រាកដ។ ដូច្នេះយើងទាំងអស់គ្នា នឹងបានឃើញថានឹងមានអ្វីកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ។ ខ្ញុំគិតថាខ្ញុំនឹងជាសះស្បើយឡើងវិញឆាប់ៗ នេះ ហើយអាចនឹងបញ្ចប់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត...»។ នេះជាការលើកឡើងរបស់លោក ត្រាំ។

* លាភក្នុងគ្រោះ?

វិបត្តិ COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង២សែននាក់ គឺជាផ្នែកមួយដែលធ្វើឱ្យលោក ត្រាំ ចាញ់លោក បៃដិន នៅក្នុងការស្ទង់មតិថ្នាក់ជាតិ និងជាប្រធានបទ ដ៏ក្ដៅគគុកដែលលោក បៃដិន លើកយកមកវាយប្រហារលោក ត្រាំ យ៉ាងចាស់ដៃ ក្នុងវេទិកាតស៊ូមតិកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ។ មុនឆ្លង COVID-19 លោក ត្រាំ ទទួលរងការរិះគន់យ៉ាងខ្លាំងជុំវិញការដោះស្រាយវិបត្តិជំងឺរាតត្បាតសកលមួយ។ ប៉ុន្តែ ក្រោយលោកប្រកាសថាលោកក៏ឆ្លងជំងឺនេះដែរ ការរិះគន់ហាក់ដូចជាថមថយ ដោយជំនួស មកវិញនូវ «ក្ដីអាណិតអាសូរ និងពាក្យជូនពរឱ្យលោកឆាប់ជាសះស្បើយវិញ» ក្នុងពេលឆាប់ៗនេះ។

ស្ថានភាពលោក ត្រាំ ក្នុងពេលបច្ចុប្បន្ន ធ្វើឱ្យគេនឹកឃើញដល់ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន។ ទាំងលោក ចនសុន និងលោក Bolsonaro សុទ្ធតែបានឆ្លង COVID-19 ហើយក៏ធ្លាប់បាត់បង់ប្រជាប្រិយភាពយ៉ាងគំហុក ជុំវិញចំណាត់ការ និងការដោះស្រាយវិបត្តិមួយនេះដែរ។ តែក្រោយ ឆ្លង និងជាសះស្បើយពី COVID-19 ប្រជាប្រិយភាពរបស់អ្នកទាំង២ ស្រាប់តែហក់ឡើងខ្ពស់ទៅវិញ។ ក្រោយចេញពីបន្ទប់សង្រ្គោះបន្ទាន់ ប្រជាប្រិយភាពរបស់លោក ចនសុន បាន កើនឡើង៤៤ភាគរយ ក្នុងពាក់កណ្ដាលខែមីនា ដល់៦៦ភាគរយ នៅថ្ងៃទី១៣ ខែមេសា។ រីឯអត្រាគាំទ្រលោក Bolsonaro ក៏បានកើនឡើងផងដែរ បន្ទាប់ពីលោកឆ្លង COVID-19 ដោយការគំាទ្រកើនឡើងពី៣៣ភាគរយ នៅចន្លោះពីខែមេសា និងខែមិថុនា ដល់៣៧ភាគរយ នៅក្នុងខែសីហា។

ដោយឡែក សម្រាប់លោក ត្រាំវិញ អាត្រាគាំទ្រមុនឆ្លង COVID-19 មាន៤៤ភាគរយ ហើយការឆ្លង COVID-19 អាចជាឱកាសមួយឱ្យលោកដកឃ្លាបន្តិចរៀបចំយុទ្ធសាស្ត្រថ្មី, បង្វែរ ការចាប់អារម្មណ៍នៃប្រជាជនអាមេរិកឱ្យឈប់គិតពីវេទិកាតស៊ូមតិ ដែលលោកហាក់ដូចជាចាញ់លោក បៃដិន, ឈប់រិះគន់រូបលោកជុំវិញការដោះស្រាយវិបត្តិ COVID-19 ដោយងាក មកបង្ហាញពីសាមគ្គីភាពតាមរយៈការបង្ហាញនូវ «ក្ដីអាណិតអាសូរ និងពាក្យជូនពរឱ្យលោកឆាប់ជាសះស្បើយវិញ»

លោក ត្រំា ក៏បានបញ្ចេញសារមួយចំនួនដែលធ្វើឱ្យគេយល់បែបនេះដែរ។ ជាក់ស្ដែង នៅក្នុងវីដេអូមានរយៈពេល៤នាទីបង្ហោះលើ Twitter ចេញពីមន្ទីរពេទ្យមន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «ពួកយើងទាំងអស់គ្នា កំពុងប្រឹងប្រែងព្យាបាលខ្ញុំឱ្យជាសះស្បើយ, ខ្ញុំត្រូវតែត្រឡប់ ទៅវិញ ពីព្រោះខ្ញុំនៅតែមានភារកិច្ចធ្វើឱ្យ «សហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត» (make America great again)»។ បន្ថែមពីលើនេះ សេតវិមានក៏បានបង្ហោះរូបភាពពីសន្លឹក ដែល បង្ហាញពីសកម្មភាពរបស់លោក ត្រាំ កំពុងបំពេញការងារទាំងឆ្លង COVID-19 នៅក្នុងមន្ទីរពេទ្យផងដែរ ដែលនេះអាចជាមធ្យោបាយស្ដាររូបភាព និងបង្ហាញពីភាពរឹងមាំ នៃប្រធានាធិបតីអាមេរិក។

តែទោះជាយ៉ាងណាក៏ដោយ អ្វីៗអាចនឹងប្រែប្រួលគ្រប់ពេល ហើយនៅពេលនេះគឺមានតែរង់ចាំមើលថាតើលោក ត្រាំ អាចនឹងជាសះស្បើយទាន់ពេលវេលា ដើម្បីដឹកនាំការធ្វើយុទ្ធនា ការឃោសនាបោះឆ្នោត និងចូលរួមក្នុងវេទិកាតស៊ូមតិលើកទី២ ជាមួយលោក ចូ បៃដិន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលានេះដែរឬក៏យ៉ាងណា ខណៈការបោះឆ្នោត ប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០២០ ក៏កំពុងស្ថិតនៅក្នុងភាពសង្ស័យដែរ។ ជាធម្មតា អ្នកធ្វើតេស្ដវិជ្ជមាន COVID-19 ត្រូវទទួលការព្យាបាល និងធ្វើចត្តាឡីស័កពី១០ ទៅ១៤ថ្ងៃអាស្រ័យលើមានរោគសញ្ញាធ្ងន់ ឬស្រាល៕

ប្រភព៖ New York Times និង The Atlantic