(តូក្យូ)៖ អត្រាភាពគ្មានការងារធ្វើ នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់៣ភាគរយ នៅក្នុងខែសីហា ដែលនេះជាចំនួនខ្ពស់ជាងគេបំផុត មិនធ្លាប់មានពីមុនមក គិតចាប់តាំងពីឆ្នាំ២០១៧, ដោយការកើនឡើងនេះ គឺបណ្តាលមកពីផលប៉ះពាល់យ៉ាងខ្លាំង ការរាតត្បាតពីជំងឺ COVID-19 ទៅលើទីផ្សារការងារ នៅក្នុងប្រទេស, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ។

បើតាមទិន្នន័យពីក្រសួងកិច្ចការផ្ទៃក្នុងជប៉ុន បានឲ្យដឹងថា តួរលេខដែលមានការកើនឡើង០,១ភាគរយ បើធៀបនឹងខែកក្កដានេះ គឺជាលើកដំបូងហើយ បើគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៧មក ដែលអត្រាឈរនៅកម្រិតកើនឡើង៣ភាគរយ ឬក៏ខ្ពស់ជាងនេះ។

ទិន្នន័យមួយផ្សេងទៀត ដែលបង្ហាញដោយក្រសួងការងារ បានឲ្យដឹងថា មានការងារត្រឹមតែ១០៤កន្លែងប៉ុណ្ណោះ ដែលបានបើក សម្រាប់អ្នកស្វែងរកការងារ១០០នាក់ នៅក្នុងខែសីហា, ទិន្នន័យនេះកាន់តែអាក្រក់ ដែលមានការងារ១០៨កន្លែង សម្រាប់អ្នកស្វែងរកការងារ១០០នាក់ កាលពីខែមុន។

ជប៉ុន បាននឹងកំពុងដោះស្រាយរួចទៅហើយ ជាមួយនឹងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយធម្មជាតិ និងការតម្លើងពន្ធលើការប្រើប្រាស់ មុនពេលដែលវីរ៉ុស COVID-19 បានផ្ទុះរាតត្បាតជាសកលនោះ៕