(តិចសាស់)៖ ក្រុមហ៊ុនអាមេរិក ICON ដែលល្បីឈ្មោះខាងសាងសង់លំនៅឋានលើផែនដី ដោយប្រើប្រាស់បច្ចេកវិទ្យា «3D-Printing» ទើបតែចាប់ផ្តើមគម្រោងពិសេសមួយហៅថា Project Olympus ដែលជាកិច្ចប្រឹងប្រែងដើម្បីអភិវឌ្ឍប្រព័ន្ធសម្រាប់សាងសង់អគារ នៅលើឋានព្រះច័ន្ទ និងភពអង្គារជាដើម។ នេះបើតាមការចេញផ្សាយ ដោយវែបសាយ Space នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។

គម្រោង Project Olympus នឹងទទួលបានគាំទ្រពីកិច្ចសន្យាមួយហៅកាត់ថា SBIR ដែលក្រុមហ៊ុន ICON បានចុះហត្ថលេខាជាមួយកងទ័ពអាកាសអាមេរិក ដើម្បីពង្រីកសមត្ថភាពនៃបច្ចេកវិទ្យា 3D-Printing របស់ខ្លួន។ កិច្ចសន្យារយៈពេល ០៤ឆ្នាំនេះត្រូវគេរាយការណ៍ថា មានតម្លៃ ១៤.៥៥លានដុល្លារ។ ទីភ្នាក់ងារអវកាសអាមេរិក NASA ក៏ចូលរួមចំណែក ១៥ភាគរយនៃទំហំកិច្ចសន្យា SBIR ដែរ។

គួរជម្រាបថា ការចាប់អារម្មណ៍របស់ NASA ចំពោះបច្ចេកវិទ្យា 3D-Printing នៃក្រុមហ៊ុន ICON គឺគ្មានអ្វីចម្លែកទេ ខណៈទីភ្នាក់ងារអវកាសអាមេរិក កំពុងប្រឹងប្រែងរៀបចំកម្មវិធី Artemis ដែលសំដៅបញ្ជូនក្រុមអវកាសយានិក ទៅដល់លើផ្ទៃព្រះច័ន្ទជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ ហើយលើកនេះនឹងមិនត្រឹមតែទៅហើយមកវិញភ្លាមៗនោះទេ គឺនឹងមានការស្នាក់នៅរយៈពេលយូរថែមទៀតផង។ គំរោង Artemis គឺជាស្ពានចម្លងដ៏សំខាន់ ដើម្បីនាំមនុស្សទៅកាន់ភពអង្គារនៅរាប់ទសវត្សរ៍ខាងមុខ៕