(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈមុតមាំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ជាមួយប្រទេសសិង្ហបុរីនៅក្នុងវិស័យផ្សេងៗ ដោយផ្តោតសំខាន់លើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។

លោក ស៊ី ជិនពីង បានធ្វើការកត់សម្គាល់ខាងលើ នាឱកាសផ្លាស់ប្តូរសារអបអរសាទរជាមួយប្រធានាធិបតីសិង្ហបុរីលោកស្រី ហាលីម៉ាហ៍ យ៉ាខូប (Halimah Yacob) ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក ស៊ី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ នៅចំពោះមុខការផ្លាស់ប្តូរនៃស្ថានការណ៍អន្តរជាតិ ប្រទេសចិន និងសិង្ហបុរី នៅតែបានគាំទ្រគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ លោកប្រធានាធិបតីចិនបានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺលើសពីវិសាលភាពនៃទំនាក់ទំនងទ្វេភាគីទៅហើយ ព្រមទាំងដើរតួនាទីជាគំរូចដ៏ចម្បង សម្រាប់ថ្នាក់តំបន់ និងអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ខណៈដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលមិនធ្លាប់មានពីមុននៅក្នុងរយៈពេលកន្លងមកនេះ ដោយសារតែជំងឺរាតត្បាតសាកល COVID-19 លោក ស៊ី បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនានាកំពុងប្រឈមនឹងបញ្ហាទ្វេដង នៃការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ ព្រមទាំងការស្តារសេដ្ឋកិច្ចរបស់ពួកគេឡើងវិញផងដែរ។ ដៃគូពាណិជ្ជកម្មធំបំផុតរបស់សិង្ហបុរី គឺប្រទេសចិន៕