(វ៉ាស៊ីនតោន)៖ លោកវេជ្ជបណ្ឌិត សន ខុនលី (Sean Conley) បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងលេបថ្នាំរ៉េមដេស៊ីវា (Remdesivir) សម្រាប់ការព្យាបាលដែលជាប្រភេទថ្នាំប្រឆាំងជំងឺ COVID-19 ផលិតដោយក្រុមហ៊ុនជីវសាស្រ្ត ជីលីដ (Gilead) របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

លោក Conley បានគូសបញ្ជាក់ថា លោក ត្រាំ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរវេជ្ជសាស្ត្រយោធាជាតិ វ៉លធឺ រីដ (Walter Reed) នៅទីក្រុង បេធីស្តា (Bethesda) រដ្ឋម៉ារីលែនដ៍ (Maryland) បានបញ្ចប់ការប្រើប្រាស់ថ្នាំ Remdesivir ដំណាក់កាលដំបូងហើយ។

វេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា លោកបានណែនាំឲ្យលោកប្រធានាធិបតីផ្លាស់ប្តូរទៅ Walter Reed រិញកាលពីរសៀលថ្ងៃសុក្រ ដើម្បីធ្វើពិនិត្យបន្ថែមជាមួយអ្នកឯកទេសមកពីមន្ទីរពេទ្យយោធា និងសាកលវិទ្យាល័យ ចន ហបឃីនស៍ (Johns Hopkins)។

គួរជម្រាបថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា មានស្ថានភាពល្អប្រសើរហើយ ដោយលោកមិនត្រូវការជំនួយពីអុកស៊ីសែននោះឡើយ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយអ្នកឯកទេសយើងបានសម្រេចជ្រើសរើសថ្នាំ Remdesivir សម្រាប់ការព្យាបាល។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Conley៕