(វ៉ាស៉ីនតោន)៖ ក្រោយទទួលដំណឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាគូប្រជែងរបស់ខ្លួន ក្នុងការបោះឆ្នោតនាដើមខែវិច្ឆិកាខាងមុខនេះបានឆ្លងជំងឺ COVID-19 ជាមួយភរិយា បេក្ខភាពប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន បានបង្ហោះសារជូនពរលោក ត្រាំ និងលោកស្រី មេឡានៀ ឲ្យជាសះស្បើយឆាប់ៗពីជំងឺនេះ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន The Hill នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។

លោក ចូ បៃដិន បានសរសេរលើបណ្តាញសង្គម Twitter ដូច្នេះថា «ចៀល (ភរិយាលោក បៃដិន) និងខ្ញុំ សូមជូនពរឲ្យលោកប្រធានាធិបតី ត្រាំ និងលោកជំទាវទី១ ឆាប់ជាសះស្បើយឡើងវិញ ហើយពួកយើងនឹងនៅតែបន្តធ្វើការបួងសួងជានិច្ច សម្រាប់សុខភាពក៏ដូចជាសុវត្ថិភាពរបស់ លោកប្រធានាធិបតីព្រមទាំងក្រុមគ្រួសារ»

ជាមួយគ្នានេះមានប្រភពបង្ហើបឲ្យដឹងដែរថា យុទ្ធនាការបោះឆ្នោតរបស់លោក បៃដិន នឹងសម្រេចដកចោលសិន នូវការឃោសនាបែបអវិជ្ជមានទាំងឡាយ ហើយងាកទៅផ្តោតតែលើសារវិជ្ជមានៗវិញ ខណៈលោក ត្រាំ កំពុងមានជំងឺ COVID-19 បែបនេះ។ ប្រភពដដែលបានបន្តថា លោក ចូ បៃដិន មិនអាចនិយាយពាក្យថា «សូមព្រះប្រទានពរចំពោះលោក ត្រាំ និងគ្រួសារ» រួចហើយ តែបែរជាបន្តការឌឺដង និងរិះគន់លោកក្នុងសារឃោសនាបោះឆ្នោត នោះឡើយសម្រាប់ពេលនេះ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានសម្តែងការអរគុណចំពោះការជូនពរទាំងអស់សម្រាប់រូបលោក និងភរិយា។ បច្ចុប្បន្នលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា វ៉លធឺ រីដ (Walter Reed) ដើម្បីតាមដាន និងព្យាបាលឲ្យបានដិតដល់បំផុត បើទោះបីជាលោកមានរោគសញ្ញាកម្រិតស្រាលក៏ដោយ៕