(គែរ)៖ ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសពីការរកឃើញ មឈូសបុរាណចំនួន ១៣ ដែលមានអាយុកាលប្រហែល ២,៥០០ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងទេសចរណ៍ និងបុរាណវិទ្យាអេហ្ស៊ីប បានគូសបញ្ជាក់ថា មឈូសបុរាណទាំងនេះត្រូវបានគេរកឃើញ នៅទីបុរាណស្ថានមួយកន្លែងនៅឯតំបន់ សាកការ៉ា ណេក្រូផូលីស (Saqqara necropolis) នៅក្នុងទីក្រុងជីសា (Giza)។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបុរាណវិទ្យាអេហ្ស៊ីបលោក អាលីដ អាល់អាណានី (Khaled al-Anany) បាននិយាយថា នេះគឺជាការរកឃើញធំបំផុត បន្ទាប់ពីការរកឃើញមឈូសបុរាណ នៅកន្លែងបញ្ចុះសពមួយនៅឯតំបន់ អាសាស៊ីហ្វ ខាឆេត (Asasif Cachette) ដែលសំដៅទៅលើការរកឃើញមឈូសបុរាណចំនួន ៣០ កាលពីខែតុលា ឆ្នាំ ២០១៩ កន្លងទៅនៅក្នុងខេត្ត លូស័រ (Luxor) ភាគខាងជើងនៃប្រទេសអេហ្ស៊ីប។

អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាវត្ថុបុរាណអេហ្ស៊ីប លោក ម៉ូស្តាហ្វា វ៉ាហ្ស៊ីរី (Mostafa Waziri) ដែលអ្នកដឹកនាំបេសកកម្មរុករកខាងលើនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរថា ការរកឃើញនៅតំបន់ Saqqara រួមមានមឈូសឈើដែលមានពណ៌ និងសិលាចារឹកដ៏អស្ចារ្យ ស្ថិតក្នុងស្ថានភាពល្អនៅឡើយ បើទោះបីឆ្លងកាត់រយៈពេលជាង ២,៥០០ឆ្នាំហើយក៏ដោយ។

លោក Waziri បានបន្តទៀតថា ចំនួនពិតប្រាកដនៃមឈូស ព្រមទាំងជាអត្តសញ្ញាណ និងម្ចាស់កម្មសិទ្ធិមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែនឹងត្រូវបញ្ជាក់នៅប៉ុន្មានថ្ងៃខាងមុខ ខណៈដែលការងារជីកកកាយនៅតែបន្ត ហើយយើងកំពុងរំពឹងពីលទ្ធភាព ដែលអាចរកឃើញវត្ថុបុរាណជាច្រើនទៀត។

គួរបញ្ជាក់តាមការពិនិត្យដំបូងបានបង្ហាញថា មឈូសទាំងអស់ត្រូវបានបិទជិតទាំងស្រុង ហើយមិនត្រូវបានបើកចាប់តាំងពីថ្ងៃដែលត្រូវបានកប់។ នេះបើតាមការលើកឡើងរបស់ក្រសួងទេសចរណ៍ និងបុរាណវិទ្យាអេហ្ស៊ីប៕