(ម៉ូស្គូ)៖ របាយការណ៍ថ្មីមួយរបស់មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា បច្ចុប្បន្នកងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLAAF) គឺជាកងកម្លាំងទ័ពអាកាសធំបំផុតនៅក្នុង និងជាប់លំដាប់ថ្នាក់ទី ៣ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។

បើតាមរបាយការណ៍ខាងលើ ចេញផ្សាយកាលពីសប្ដាហ៍មុន កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន PLAAF មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបានតាមទាន់យន្ដហោះចម្បាំង របស់បណ្ដាប្រទេសលោកខាងលិចទាំងទៅលើបច្ចេកវិទ្យា និងសមត្ថភាព។ PLAAF មានយន្ដហោះយោធាសរុប ២,៥០០គ្រឿង ក្នុងនោះជិត ២,០០០គ្រឿងជាប្រភេទយន្ដហោះប្រយុទ្ធ (fighter)។

គួរបញ្ជាក់ថា ប្រទេសដែលមានកងទ័ពអាកាសធំបំផុតលេខ ១ គឺសហរដ្ឋអាមេរិក និងលេខ ២ ប្រទេសរុស្ស៊ី។ មិនតែប៉ុណ្ណោះ របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នចិនមានកងទ័ពជើងទឹក ធំជាងគេបំផុតនៅលើពិភពលោក និងមាននាវាចម្បាំង ព្រមទាំងនាវាមុជទឹក ៣៥០គ្រឿង។ នៅមុនរបាយការណ៍ អំពីកងទ័ពជើងទឹកខាងលើនេះ សហរដ្ឋអាមេរិកក៏ធ្លាប់បានអះអាងផងដែរថា ចិនកំពុងរៀបចំ បង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យបានកាន់តែច្រើនជាងពេលបច្ចុប្បន្នផងដែរ៕