(រ៉ង់ហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះបានរាយការណ៍ពី​ករណីឆ្លងជំងឺ COVID-19 ថ្មីៗសរុប ៤៥ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុប​នៅទូទាំងប្រទេសកើនដល់ ១,៤៦៤ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។

នៅចំពោះមុខការកើនឡើង នៃចំនួនករណីឆ្លង COVID-19 ថ្មីៗយ៉ាងគំហុកបែបនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពី​ល្ងាចថ្ងៃអាទិត្យសម្សិលមិញបានប្រកាសថា មន្ត្រី និងបុគ្គលិករដ្ឋ ក្នុងចំនួនតែពាក់កណ្តាលប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យចូលធ្វើការតាមវេនវិលជុំ នៅតាមការិយាល័យ ដែលចាប់ផ្តើមនាថ្ងៃពុធខាងមុខនេះ។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងសុខាភិបាល នៃប្រទេសមីយ៉ាន់ម៉ាបានបង្ហាញថា អ្នកជំងឺ ៣៨៥នាក់បានជាសះស្បើយឡើងវិញ និងមនុស្ស ០៨នាក់បានស្លាប់។ គិតចាប់ពីការផ្ទុះឡើងនៃជំងឺនេះកាលពីថ្ងៃទី ២៣ ខែមីនាកន្លងទៅ ប្រទេសមីយ៉ាន់ម៉ាបានធ្វើតេស្តសំណាករកជំងឺ COVID-19 សរុបចំនួន ១៦៦,៤៣៣នាក់ហើយ ដោយក្នុងនោះមនុស្ស ៧,៧៦៦នាក់​កំពុងស្ថិតក្រោមការតាមដាននៅឡើយ ពីមន្ត្រីសុខាភិបាល៕