(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានប្រកាសអំពីកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) រហូតដល់ទៅជាង ៨៤លានដូស (ដប)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។

លោក Morrison និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលអូស្ត្រាលី បានបង្កើតកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាខាងលើនេះ ពីសាកលវិទ្យាល័យ ឃ្វីនស៍លែនដ៍ និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្ត្រាលី CSL ក៏ជាដូចជាជាមួយសាកលវិទ្យាល័យអង់គ្លេសអុកស្វដ (Oxford) និងក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) ផងដែរ។

កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីប្រកាសថា មានតម្លៃសរុបជាង ១.២ពាន់លានដុល្លារអាមេរិក ហើយខ្លួននឹងទទួលបានបេក្ខភាពវ៉ាក់សាំងមុនគេ ពីសាកលវិទ្យាល័យទាំងឡាយខាងលើនេះ ប្រសិនបើវ៉ាក់សាំងទាំងនោះ ត្រូវបានគេអះអាងថា ពិតជាមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការផលិត និងយកទៅចាក់ជូនប្រជាជននោះ។

គួរបញ្ជាក់ថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀងទាំងអស់នេះ វ៉ាក់សាំងសរុបជាង ៨៤លានដូសនឹងត្រូវផ្តល់ទៅដល់ប្រជាជនអូស្ត្រាលីគ្រប់រូប ហើយសម្រាប់វ៉ាក់សាំងដំបូងចំនួន ៣.៨លានដូស នឹងត្រូវទទួលបានពីសាកលវិទ្យាល័យអង់គ្លេស Oxford នៅអំឡុងខែមករា និងកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសអូស្ត្រាលីដែលមានប្រជាជនសរុបជាង ២៥លាននាក់ មានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ២៦,៣០០ករណី ក្នុងនោះស្លាប់សរុប ៧៦២នាក់ និងជាសះស្បើយវិញជាង ២២,៤០០នាក់៕