(ប៉េកាំង)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) លោក Yin Weidong នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញានេះបាននិយាយថា ប្រមាណ៩០% នៃបុគ្គលិកក្រុមហ៊ុន និងក្រុមគ្រួសាររបស់ពួកគេ បានស្ម័គ្រចិត្តទទួលតេស្តចាក់វ៉ាក់សាំង COVID-19 ដែលក្រុមហ៊ុនបានអភិវឌ្ឈ ក្រោមក្រុមកម្មវិធីបន្ទាន់មួយរបស់រដ្ឋចិន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។

លោក Yin Weidong បានប្រាប់ទីភ្នាក់សារព័ត៌មាន Reuters ថា បេក្ខភាពវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinovac ឈ្មោះថា CoronaVac ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការធ្វើតេស្តសាកល្បង ហើយត្រូវបានបញ្ចូលក្នុងកម្មវិធីបន្ទាន់មួយរបស់រដ្ឋនោះ ត្រូវបានផ្តល់ជូនដល់បុគ្គលិកក្រុមហ៊ុនប្រមាណ ២,០០០នាក់ និងសមាជិកគ្រួសាររបស់ពួកគេប្រមាណជាង ៣,០០០នាក់ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។

ទោះជាយ៉ាងណា លោក Yin បានគូសបញ្ជាក់ថា ទិន្នន័យដែលប្រមូលបានពីកម្មវិធីធ្វើតេស្តខាងលើ វាអាចគ្រាន់តែបញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំងប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាផ្នែកមួយនៃពិធីសារសាកល្បងព្យាបាលដែលបានចុះបញ្ជីនោះទេ ដូច្នេះវានឹងមិនត្រូវបានប្រើប្រាស់ជាផ្នែកសំខាន់ ក្នុងការវិនិច្ឆ័យថាតើ ត្រូវអនុម័តថ្នាំវ៉ាក់សាំងប្រឆាំង COVID-19 នោះ សម្រាប់ការប្រើប្រាស់បែបពាណិជ្ជកម្មបាន ឬអត់នោះទេ។

គួរជម្រាបថា រហូតមកទល់ពេលនេះ គ្មានបេក្ខភាពវ៉ាក់សាំង COVID-19 ណាមួយ នៅលើពិភពលោកបានឆ្លងផុតដំណាក់កាលចុងក្រោយ នៃការតេស្តធ្វើតេស្តលើមនុស្សជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងការបញ្ជាក់ពីប្រសិទ្ធភាពនិងសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីការពារមនុស្សប្រឆាំងនឹងវីរុស ដែលបានសម្លាប់ជីវិតមនុស្សប្រមាណជាង ៨៨០,០០០នាក់ នៅទូទាំងពីភពលោក នៅឡើយនោះទេ៕