(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការងារជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយចូលរួមជាមួយសហគមន៍អន្តរជាតិ ការពារឱ្យបានដាច់ខាតនូវសមិទ្ធផលជ័យជម្នះ នៃសង្រ្គាមលោកលើកទី ២ រួមទាំងភាពយុត្តិធម៌ និងស្មើភាពសម្រាប់ពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើជូនលោក ពូទីន នាឱកាសខួបលើកទី ៧៥ នៃជ័យជម្នះសង្រ្គាមលោកលើកទី ២ ដែលបានផ្ទុះឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ និងបញ្ចប់នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥។ នៅក្នុងលិខិតដដែល លោកប្រធានាធិបតីចិន ក៏បានសង្កត់ធ្ងន់ផងដែរថា ជ័យជម្នះរបស់ប្រជាជនចិន លើការឈ្លានពានពីកងទ័ពជប៉ុន និងជ័យជម្នះរបស់អតីតសហភាពសូវៀតប្រឆាំងនឹងជប៉ុន គឺជាជ័យជម្នះចុងក្រោយ នៃសង្រ្គាមប្រឆាំងនឹងរបបផ្ដាច់ការហ្វាស៊ីស។

លោក ស៊ី បន្ថែមទៀតថា នៅក្នុងសង្រ្គាមលោកលើកទី ២ ដែលបានរាលដាលនៅទូទាំងទ្វីបអាស៊ី អឺរ៉ុប អាហ្រ្វិក និងអូសេអានី មានកងទ័ព និងជនស៊ីលវិលច្រើនជាង ១០០លាននាក់នៅក្នុងបណ្តាប្រទេសចូលរួមក្នុងសង្រ្គាម បានស្លាប់ និងរងរបួសហើយបន្សល់ទុកនូវការឈឺចាប់យ៉ាងធំធេង នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

គួរជម្រាបថា នៅក្នុងលិខិតឆ្លើយតបទៅកាន់លោក ស៊ី ជិនពីង លោក ពូទីន បានបញ្ជាក់ថា សង្រ្គាមលោកលើកទី ២ បានបង្កសោកនាដកម្មយ៉ាងធំ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហើយអតីតសហភាពសូវៀត និងចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងរបបផ្ដាច់ការហ្វាស៊ីស និងយោធានិយម ជាមួយការពលីជីវិតកងទ័ពយ៉ាងច្រើន ដើម្បីយកឈ្នះលើសត្រូវឈ្លានពាន៕