(ម៉ារីលែន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នឹងរៀបចំកិច្ចប្រជុំជាមួយក្រុមអ្នកជំនាញឯករាជ្យ ដើម្បីពិនិត្យឡើងវិញលើទិន្នន័យរបស់បេក្ខភាព វ៉ាក់សាំង COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកលោក ស្ទេហ្វិន ហាន (Stephen Hahn) បានបង្ហោះសារនៅលើបគណនី Twitter យ៉ាងដូច្នេះថា កិច្ចប្រជុំនេះនឹងជួយពង្រឹងតម្លាភាព ខណៈដែល FDA កំពុងពិនិត្យមើលទិន្នន័យ នៃការសាកល្បងតេស្តវ៉ាក់សាំង COVID-19 ដែលកំពុងដំណើរការ។

សេចក្តីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមុន បានចោទប្រកាន់ដោយគ្មានភស្តុតាង ទៅលើសមាជិករបស់ FDA ថាបានព្យាយាមបំផ្លាញកិច្ចប្រឹងប្រែង និងពន្យារពេលលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន FDA បានឲ្យដឹងថា ខ្លួននឹងបើកកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សា ដើម្បីពិនិត្យលើការអភិវឌ្ឍទូទៅ នៃវ៉ាក់សាំង COVID-19 នាថ្ងៃទី២២ ខែតុលាខាងមុននេះ។ ខណៈពេលដែលក្រុមហ៊ុនឱសថជាច្រើនរួមទាំង ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) និង ម៉ូឌែណា (Moderna) កំពុងធ្វើការសិក្សាលើដំណាក់កាលចុងក្រោយ នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 ហើយរហូតមកទល់ពេលនេះ មិនទាន់មានវ៉ាក់សាំងណាមួយ ដែលត្រូវបានអនុញ្ញាតនៅឡើយទេ៕